ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃប្រតិបត្តិការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រ សាលារាជធានីភ្នំពេញ ក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាន់ចំនួន ១៤ កន្លែងនៅជុំវិញរាជធានី។
មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាព អាចផ្ដល់វ៉ាក់សាំង ដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបាន ពីប្រទេសចិន កាលពីសប្តាហ៍មុន។
ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៤ លានដូស បន្ថែមទៀតរំពឹងថានឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ ប្រព័ន្ធប្រតិបត្តិការ ចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថាពលរដ្ឋកម្ពុជា ទទួលបានការការពារ ប្រឆាំងជំងឺកូវីដ ១៩ ដែលបានកំពុងរីករាលដាល ពាសពេញប្រទេសបន្ទាប់ពី ព្រឹតិ្តការណ៍ ថ្ងៃទី២០ កុម្ភៈ ។
ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗ នូវ តង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា «ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជា គឺជាក្ដីបារម្ភដ៏ធំមួយ សម្រាប់យើងទាំងអស់គ្នា និងគូសបញ្ជាក់ពីភាពបន្ទាន់ នៃប្រតិបត្តិការចាក់វ៉ាក់សាំង ឲ្យបានលឿនបំផុងតាម ដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើង ពីជំងឺដ៏គួរឱ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកា ពីមូលនិធិប្រឆាំងវីរុសកូវីដ ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំង ក្នុងស្រុក ដែលអាចការពារពលរដ្ឋ ក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន។»
មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់ និងផ្ដើមប្រតិបត្តិការ ពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សា សំពៅមាស វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សា បឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល៕