ព័ត៌មានអន្តរជាតិ

តុលាការកំពូល អេហ្ស៊ីប កាត់ទោសក្រុមភេរវករ ចំនួន៩នាក់ ឲ្យជាប់ពន្ធគារអស់មួយជីវិត

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា គេហទំព័រព័ត៌មាន Al-Ahram ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា តុលាការកំពូលអេហ្ស៊ីប បានកាត់ទោសមនុស្សចំនួន០៩នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដោះលែងមនុស្សចំនួន៤១នាក់ផ្សេងទៀតកាលពីថ្ងៃពុធ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅខេត្ត Sohag របស់ប្រទេសអេហ្ស៊ីប កាលពីឆ្នាំ២០១៥ ។

តុលាការនៃការកាត់ក្តី ដែលសេចក្តីសម្រេចចុងក្រោយ និងមិនអាចយកជាការបាន ក៏បានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ ចំនួន០៣នាក់ ជាប់ពន្ធនាគារ ១០ ឆ្នាំ និង០៤នាក់ ផ្សេងទៀតទៅ០៥ឆ្នាំ ។

សូមបញ្ជាក់ថា ទោសមួយជីវិតនៅអេហ្ស៊ីប គឺមានរយៈពេល២៥ឆ្នាំ ។

ទាក់ទងនឹងឆ្នាំ២០១៥ ករណីដើមឡើយពាក់ព័ន្ធនឹងចុងចោទចំនួន១៩០នាក់ ហើយ ៦៦នាក់ នៅក្នុងចំណោមពួកគេកំពុងជាប់ឃុំ ខណៈដែលនៅសល់ គឺជាអ្នករត់គេចខ្លួន ។

អ្នកដែលត្រូវបានចាប់ខ្លួនកំពុងលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅខេត្ត Sohag ដោយមានអាវុធ និងគ្រាប់រំសេវដែលជាកម្មសិទ្ធិរបស់ពួកគេ ។ ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ពួកគេថា បានរៀបចំផែនការប្រតិបត្តិការភេរវកម្មតម្រង់គោលដៅទៅលើបុគ្គលិកប៉ូលិស និងទីតាំងនានា ហើយប៉ុនប៉ងផ្តួលរំលំរបបនេះ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top