ព័ត៌មានអន្តរជាតិ

ប្រជាជន ឥណ្ឌាជាង ២លាននាក់ ចុះមុជទឹកលាងបាបក្នុងទន្លេគង្គារ ក្នុងពេលប្រទេសនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ១០ម៉ឺននាក់ រាល់ថ្ងៃ

បរទេស៖ ទិដ្ឋភាពមនុស្សរាប់ពាន់នាក់ ដែលចូលរួមក្នុងការប្រមូលផ្តុំ សាសនា ដ៏ធំបំផុត នៅលើពិភពលោក នៃពិធីបុណ្យ Kumbh Mela បានធ្វើឱ្យមានការភ្ញាក់ផ្អើល ជាច្រើន នៅលើបណ្តាញសង្គម នៅពេលដែលប្រទេសឥណ្ឌា បានមើលឃើញ ការកើនឡើង នូវករណីឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យឥណ្ឌាវ៉ាដាច់ប្រទេសប្រេស៊ីល ជាប្រទេស ដែលទទួលរងផលប៉ះពាល់ អាក្រក់បំផុតទីពីរ នៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ពិធីបុណ្យ Kumbh Mela គឺជាការប្រជុំសាសនារបស់ហិណ្ឌូដែលកើតឡើងរៀងរាល់ ១២ ឆ្នាំម្តង ហើយក្នុងនោះមនុស្ស រាប់ពាន់នាក់ បានចុះមុជទឹកនៅដងទន្លេគង្គា ដែលត្រូវបានគេជឿថា ដើម្បីលាងបាប របស់ពួកគេ រួចផុតពីគ្រោះចង្រៃ។

ទោះយ៉ាងណានៅឆ្នាំនេះ នៅពេលមនុស្សរំពឹងថាអ្វីៗ នឹងមានភាពខុសប្លែកគ្នា រវាងការរាតត្បាតដ៏ខ្លាំង នៅក្នុងប្រទេស និងរលកទីពីរ, ប្រជាជនឥណ្ឌាជាង ២,១ លាននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Haridwar នៅរដ្ឋ Uttarakhand ដោយមិនពាក់មាស់ការពារ ឬ រក្សាគម្លាតសុវត្ថិភាពឡើយ និងបាននាំគ្នាចុះមុជទឹកលាងបាប នៅក្នុងទន្លេ គង្គារ កាលពីល្ងាចថ្ងៃច័ន្ទ។

ម៉្យាងវិញទៀតស្ថានភាព នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា កាន់តែអាក្រក់ទៅ ៗ ដោយប្រទេសនេះ បានរាយការណ៍ អំពីករណីឆ្លងជាង ១០០.០០០ នាក់ ជារៀងរាល់ថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

កាលពីថ្ងៃច័ន្ទ ប្រទេសឥណ្ឌា បានរាយការណ៍ ពីករណីឆ្លងថ្មីចំនួន ១៦៨ ០០០ នាក់ ដែលបានវ៉ាដាច់ ប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលមានចំនួន ករណីឆ្លងខ្ពស់បំផុតទី ២ នៅទូទាំងពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top