ព័ត៌មានជាតិ

ក្រសួងការងារបញ្ឈប់ ផ្ដល់លិខិតអនុញ្ញាតចេញ-ចូលដល់រោងចក្រ សហគ្រាស និងសិប្បកម្មនៅភ្នំពេញ និងតាខ្មៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ឈប់ការផ្ដល់ «លិខិតអនុញ្ញាតចេញ-ចូល» ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងគោលការណ៍ឯកភាពរបស់គណៈកម្មការជាតិ គ.ប.ខ ក្រសួងសម្រេចបញ្ឈប់ការផ្តល់ «លិខិតអនុញ្ញាតចេញ-ចូល» ជូនរោងចក្រ សហគ្រាស និងសិប្បកម្មចាប់ពីពេលជូនដំណឹងនេះតទៅ។

ក្រសួងការងារ ក៏បានឲ្យជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម អាចទៅស្នើសុំលិខិតអនុញ្ញាតឲ្យ ដំណើរការសកម្មភាពអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៦ មេសា ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល បានចេញលិខិតអនុញ្ញាតចេញ-ចូល ចំនួន ១០,៧៩៨សន្លឹក៕

To Top