ព័ត៌មានជាតិ

អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ សម្រចបិទផ្សារ ៤កន្លែង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទផ្សារចំនួន ៤កន្លែង ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងទីតាំងផ្សារទាំងនេះ ។

ផ្សារទាំង៤ ដែលអាជ្ញាធរសម្រេចបិទរួមមាន ៖ ផ្សារឯករាជ្យ១ ក្នុងសង្កាត់ចោមចៅទី១, ផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១, ផ្សារត្រពាំងថ្លឹង ក្នុងសង្លាត់ចោមចៅទី១ និងផ្សារសេនជូរីផ្លហ្សា ក្នុងសង្កាត់កាកាបទី១ ។

ការសម្រេចបិទនេះដែរ គឺអាស្រ័យស្ថានភាពនៃ ការរីករាលដាល នៃជំងឺកូវីត-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះ បានឆ្លងរាលដាល យ៉ាងឆាបរហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបមើ ការងារក្នុងផ្សារ និងក្រុមគ្រួសារ អាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារ ខាងលើនៅ ថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យ ថាឆ្លងមេរោគកូវីដ-១៩ សូមប្រញាប់ ទៅយកសំណាកតេស្ត រកមេរោគកូវីដ-១៩ នៅតាមទីតាំង ដែលបានកំណត់ ព្រមទាំងត្រូវអនុវត្ត វិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹង នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

To Top