ព័ត៌មានជាតិ

USAID ប្រកាសពីគម្រោងថ្មី ស្តីពីការប្រឆាំង ការជួញដូរមនុស្ស

ភ្នំពេញ: ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅកម្ពុជា បានផ្តល់ថវិកាគាំទ្រ​គម្រោងថ្មីមួយ សម្រាប់រយៈពេល ៥ ឆ្នាំ ប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីដោះស្រាយបញ្ហាឬសគល់​នៃការជួញដូរមនុស្ស​ នៅកម្ពុជា។

គម្រោង​នេះ ដែលដំណើរសកម្មភាពការងារដោយអង្គការ Winrock International និងដៃគូ​របស់អង្គការ​នេះ នឹងធ្វើការងារគាំទ្រ​ដល់ការការពារក្រុមជនរងគ្រោះ និងក្រុមមនុស្សងាយរងគ្រោះបន្ថែមទៀត ពីការជួញដូរ និងការរំលោភធ្វើបាប​ ការពារក្រុមមនុស្សប្រឈមនឹងគ្រោះថ្នាក់មិនឲ្យធ្វើចំណាកស្រុកដែលមានគ្រោះថ្នាក់ ហើយជួយជនរងគ្រោះដោយការជួញដូរមនុស្ស។ 

លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID នៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការជួញដូរមនុស្សគឺជាឧស្សាហកម្មធំបំផុតមួយ​ក្នុងចំណោមឧស្សាហកម្មធំបំផុតទាំងឡាយ ក្នុងពិភពលោក ហើយវាប៉ះពាល់ដល់មនុស្សដែលងាយរងគ្រោះបំផុត នៅក្នុងសង្គម​របស់យើង។ ចំនួន ៧០% នៃជនរងគ្រោះដែលត្រូវបានរកឃើញ គឺជាស្រ្តី និងកុមារី ហើយអំពើដ៏គួរឲ្យខ្លាចនេះ បំផ្លាញនីតិរដ្ឋ ធ្វើឲ្យខូចដល់ពាណិជ្ជកម្មអន្តរជាតិ បន្តធ្វើឲ្យមានវិសមភាពយេនឌ័រ ហើយគំរាមកំហែងដល់សន្តិសុខពិភពលោក។ គម្រោងរយៈពេល ៥ ឆ្នាំ​នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការការពារប្រជាជនកម្ពុជាពីបញ្ហា​នេះ»។ 

ទីភ្នាក់ងារ USAID និងអង្គការ Winrock International នឹងធ្វើការជាមួយសង្គមស៊ីវិល និងដៃគូខាងរដ្ឋាភិបាលកម្ពុជា ពិសេសគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងខេត្តក្រុងចំនួន ៨ គឺក្រុងភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តព្រៃវែង។ ការផ្តល់ថវិកាឲ្យ​នៅថ្ងៃ​នេះ ពង្រឹងបន្ថែមលើការជួយគាំទ្រ​របស់ទីភ្នាក់ងារ USAID នៅក្នុងរយៈពេលជិត ២០ ឆ្នាំមក​នេះ ក្នុងកាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស​ នៅកម្ពុជា៕

To Top