ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថា ជំនួបកំពូលលោក បៃដិន នឹងចាប់ផ្តើមកិច្ចពិភាក្សាពីកូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ថា លោករំពឹងថា ជំនួបរបស់លោកនៅខែក្រោយ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមឡើងវិញ នូវដំណើរការសន្តិភាពដែលជាបង់គាំង ជាមួយប្រទេសកូរ៉េខាងជើង។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងថ្ងៃគម្រប់ខួបលើកទី៣ នៃជំនួបកំពូលរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងភូមិ Panmunjom ស្ថិតនៅតាមព្រំដែន ក្នុងតំបន់សគ្មានយោធា។

កិច្ចជំនួបគ្នានោះ ជាលទ្ធផលបានបង្កើតឲ្យមានសេចក្តីប្រកាស Panmunjom ដែលជាកិច្ចព្រមព្រៀងមួយ សន្យាបន្ធូរបន្ថយភាពតានតឹងយោធា ទន្ទឹមធ្វើការងារឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊ែនិងបង្រួបបង្រួមឧបទ្វីបកូរ៉េ។

នៅក្នុងអំឡុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនាថ្ងៃអង្គារនេះ លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងសង្ឃឹមថា ជំនួបកំពូល ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា នឹងពង្រឹងបន្ថែមទៀត នូវសម្ពន្ធភាពរវាងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក និងប្រើជាឱកាសមួយ ដើម្បីសម្របសម្រួលគោលនយោបាយ កូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់ និងបង្កើតទិសដៅនៃការអភិវឌ្ឍ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top