បរទេស៖ ប្រភពមួយនៅក្នុង ឧស្សាហកម្មផលិតនាវាក្នុងស្រុក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនផលិតនាវារុស្ស៊ីនានា នឹងប្រារព្ធពិធីអបអរទិវាជ័យជំនះថ្ងៃទី៩ខែឧសភា ដោយដាក់បង្ហាញនូវនាវចម្បាំង និងនាវាមុជទឹកចំនួន៦គ្រឿង។
ប្រភពនោះបានបញ្ជាក់ថា នៅដើមខែឧសភា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែសមត្ថភាពមីស៊ីល Project 955A ចំនួនពីរគ្រឿង នាវាចម្បាំង Project 20380 ពីរគ្រឿង និងនាវាមុជទឹក Project 636.3 ចំនួនពីរគ្រឿង នឹងត្រូវបានដាក់បង្ហាញ។
នាវាមុជទឹកយុទ្ធសាស្ត្រពីរគ្រឿង នឹងត្រូវដាក់បង្ហាញនៅកន្លែងផលិតនាវា Sevmash នាវាចម្បាំងពីរគ្រឿងនៅកន្លែងរោងចក្រផលិតនាវា Amur Shipbuilding Plant ហើយនាវាមុជទឹកធម្មតាពីរគ្រឿងនៅកន្លែងផលិតនាវា Admiralty Shipyard ប៉ុន្តែកាលបរិច្ឆេទជាក់លាក់នៃការតាំងបង្ហាញនាវាចម្បាំងដ៏ថ្មីបំផុតទាំងនេះ មិនទាន់បានកំណត់នៅឡើយនោះទេ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ព្យុហយាត្រាជ័យជំនះរបស់ប្រទេសរុស្ស៊ី នៅទីលានក្រហមក្នុងទីក្រុងមូស្គូ ដើម្បីអបអរគម្របខួបលើកទី៧៦នៃជ័យជំនះរបស់សហភាពសូវៀត លើអាល្លឺម៉ង់ណា ក្នុងសង្គ្រាមឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥ នឹងមានការចូលរួមដោយកងទ័ព១២.០០០នាក់ រថយន្តចម្បាំងប្រហែល១៩០គ្រឿង និងយន្តហោះចំនួន៧៦គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រចំនួន ២៣គ្រឿងផង៕ប្រែសម្រួល៖ប៉ាង កុង