នយោបាយ

សម្តេច ស ខេង ៖ ឆ្នាំ២០២៣ រដ្ឋបាលឃុំ-សង្កាត់នីមួយៗ នឹងទទួលថវិកាមធ្យមជាង១៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសបិទសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០របស់ គ ជ អ ប បានលើកឡើងថា នៅឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនជាង១៣២.០០០ដុល្លារ។

សម្តេច ស ខេង បន្តថា ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំ- សង្កាត់កាន់តែមានលទ្ធភាពអាចចូលរួមដោះ ស្រាយនូវតម្រូវការជាអាទិភាពនា នារបស់មូលដ្ឋាននីមួយៗនោះ ផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់ដែលបានដាក់ចេញនាខែសីហា ឆ្នាំ២០១៩ កន្លងមក គឺនៅឆ្នាំ២០២០ខាងមុខនេះ ឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជា មធ្យមចំនួនប្រមាណ១២២.០០០ដុល្លារ ។

សម្តេចថា “ក្នុងនោះរួមមានថវិកាសម្រាប់ចំណាយលើ ផ្នែកអភិវឌ្ឍមូលដ្ឋានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ដែលចំនួននេះ កើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ។ ថវិកានេះនឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យមចំនួនជាង១៣២.០០០ដុល្លារ” ។

រដ្ឋមន្រ្តីអះអាងថា ជាមួយនឹងការកើនឡើងដ៏គំហុកនេះ នឹងធ្វើឲ្យឃុំ-សង្កាត់ដែលនឹងទទួលបានថវិកាសរុបច្រើនជាងគេ មានរហូតដល់ចំនួនប្រមាណ ៤៥០.០០០ ដុល្លារនៅឆ្នាំ២០២៣ ។ ឧទាហរណ៍ដូចជា សង្កាត់ប៉ោយប៉ែតនៃក្រុងប៉ោយប៉ែត និងឃុំក្រែក នៃស្រុកពញាក្រែកជាដើម៕

To Top