ព័ត៌មានអន្តរជាតិ

នាវាការពារតំបន់ ឆ្នេរអាមេរិកហ្វឹកហាត់ ជាមួយនាវាតួកគីនៅសមុទ្រខ្មៅ 

បរទេស៖នាវាកាត់ផ្ទាំងទឹកកក  USCGC Hamilton របស់កងកម្លាំងការពារ ដែនសមុទ្រសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកតួកគី នៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការឲ្យដឹងពីកងនាវាលេខ៦នៃទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ។

នាវាកាត់ផ្ទាំងទឹកកកប្រភេទ Legend ដែលធ្វើដំណើរចូលសមុទ្រខ្មៅនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក កាលពីដើមខែមេសានោះ បានធ្វើសមយុទ្ធហាត់ឆ្លងកាត់ និងប្រតិបត្តិការឧទ្ធម្ភាគចក្រ ជាមួយនាវា TCG Turgutreis របស់ទ័ពជើងទឹកតួកគី។

តាមសេចក្តីរាយការណ៍ ឧទ្ធម្ភាគចក្រមកពីប្រទេសទាំងពីរ បានធ្វើការចុះចតលើទីលានចតរបស់នាវាគ្នាទៅវិញទៅមក ដោយឧទ្ធម្ភាគចក្រតួកគី Bell UH-1 Iroquois ធ្វើការចុះចតលើនាវា Hamilton ស្របពេលដែលឧទ្ធម្ភាគចក្រកងកម្លាំងការពារតំបន់ឆ្នេរអាមេរិក MH-65 Dolphin ចុះចតលើនាវា Turgutries។

សេចក្តីថ្លែងការណ៍មួយពីកងនាវាលេខ៦របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “សមយុទ្ធនិងប្រតិបត្តិការទាំងនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពនាវារបស់ប្រទេសទាំងពីរ ក្នុងការធ្វើទំនាក់ទំនងគ្នា និងធ្វើការគ្រប់គ្រងនាវាយ៉ាងច្បាស់លាស់”៕ប្រែសម្រួល៖ប៉ាង កុង

To Top