បរទេស៖ នៅក្នុងបទសម្ភាសន៍ មួយនាថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិន នាពេលថ្មីៗនេះ បានធ្វើសកម្មភាពកាន់តែ គឃ្លើនឡើងនៅបរទេស និងមានឥរិយាបថក្នុងបែប ជាបច្ចាមិត្តខ្លាំងឡើង។
ដោយត្រូវកម្មវិធី 60 Minutes របស់ទីភ្នាក់ងារសារព័ត៌មាន CBS News ចោទសួរថា តើទីក្រុងវ៉ាស៊ីនតោន នឹងនាំទៅរកការប្រឈមមុខដាក់គ្នាដោយយោធាជាមួយទីក្រុងប៉េកាំងដែរឬទេនោះ លោកបានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “វាប្រឆាំងជាខ្លាំងចំពោះផលប្រយោជន៍ទាំងរបស់ចិននិងសហរដ្ឋអាមេរិក ចំពោះការឈានដល់ចំណុចនោះ ឬក៏ឆ្ពោះទៅក្នុងទិសដៅនោះ”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RTE នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតថា “អ្វីដែលយើងបានឃើញក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ គឺប្រទេសចិន កំពុងតែធ្វើសកម្មភាពបង្ក្រាបកាន់តែខ្លាំងនៅក្នុងស្រុក និងយ៉ាងគឃ្លើននៅបរទេស”។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ប្រទេសចិនខ្វះខាតការប្តេជ្ញាការពារកម្មសិទ្ធិបញ្ញាអាមេរិក នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំមិញ៕ប្រែសម្រួល៖ប៉ាង កុង