បរទេស៖មេបញ្ជាការកងទ័ព របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅប្រទេស អាហ្វហ្គានីស្ថាន ជួបជាមួយ លោកប្រធានាធិបតី Ashraf Ghaniស្របពេលដែលមានភាពមិនច្បាស់លាស់ កើនខ្ពស់ចំពោះតំបន់ ទន្ទឹមនឹងអំពើហិង្សា មានការកើនឡើង ក្នុងខណៈសហរដ្ឋអាមេរិក ដកកងទ័ពវិញ។
ប្រភពពព័ត៌មាន ពីរដ្ឋាភិបាល នៃប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា អគ្គសេនាធិការកងទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa បានជួបជាមួយលោក Ghani ក៏ដូចជាថ្នាក់ដឹកនំា អាហ្វហ្គានីស្ថាន ដទៃទៀត នៅក្នុងទីក្រុងកាប៊ុល ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន National Post នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ខាងយោធា របស់ប៉ាគីស្ថាន នៅពេលភ្លាមៗនេះ មិនទាន់ធ្វើការឆ្លើយតបនឹងសំណើសុំការបំភ្លឺ ឬក៏បញ្ជាក់អំពីដំណើរទស្សនកិច្ចនេះ នៅឡើយនោះទេ។
នៅពេលភ្លាមៗនេះ វានៅមិនទាន់ច្បាស់នៅឡើយនោះទេ អំពីអ្វីដែលត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងអំឡុងជំនួបនោះ។ ប៉ាគីស្ថាន គឺជាប្រទេសជិតខាងមួយ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកធ្វើតួនាទីដ៏សំខាន់ ក្នុងដំណើរសន្តិភាព របស់អាហ្វហ្គានីស្ថាន។ កាលពីមុន ទីក្រុងឥស្លាម៉ាបាដ ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ ជម្រក ដល់ពួកបះបោរតាលីបង់ ប៉ុន្តែក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិច ផ្សេងទៀ បានមើលឃើញពីការខិតខំ ប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការជំរុញពួកសកម្មប្រយុទ្ធ ឲ្យចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាព៕
ប្រែសម្រួល៖ប៉ាង កុង