ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងចេញវិក្កយបត្រជូន អតិថិជនក្នុងតំបន់ក្រហម រយៈពេល ៣ខែតែម្ដង (Video)

ភ្នំពេញ៖ ដើម្បីបង្កការងាយស្រួល កុំឲ្យពិបាកចេញមកបង់អគ្គិសនី ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម អគ្គិសនីកម្ពុជា សម្រេចឲ្យអ្នកជំនាញគិត យកមធ្យមភាគប្រើប្រាស់ ចំនួន៣ខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជិតទាំងស្រុងនោះ។

ការយកមធ្យមភាគ ៣ខែ ដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជន ណាម្នាក់ឡើយ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹងបន្តថា នាពេលកន្លងមកទីតាំងមួយចំនួន ត្រូវបានបិទខ្ទប់ជិតទាំងស្រុង ដែលពុំអនុញ្ញាតឲ្យភ្នាក់ងារ ស្រង់របស់អគ្គិសនីកម្ពុជា ចូលទៅបំពេញភារកិច្ចបាន។

អគ្គិសនីកម្ពុជាបញ្ជាក់យ៉ាងដូច្នថា «ដូច្នេះដើម្បីរក្សាប្រក្រតីភាពនៃ ការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជា បានសម្រេចឲ្យជំនាញគិតយក មធ្យមភាគប្រើប្រាស់ចំនួនបីខែ ជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូន អតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជិតទាំងស្រុងនោះ» ។

អគ្គិសនីកម្ពុជាបន្ដថា គោលដៅសំខាន់នៃការស្រង់ ថាមពលដោយគិតការ ប្រើប្រាស់ជាមធ្យមភាគ នៃការប្រើថាមពល ចំនួន៣ខែ រួមមាន ៖

ទី១-ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុង មិនអាចចូលទៅស្រង់ថាមពលបាន។

ទី២- ដើម្បីកំណត់ការគណនាថ្លៃ ប្រើប្រាស់ថាមពលអគ្គិសនីឲ្យ បានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជារក្សាទុក ការស្រង់ថាមពលប្រើប្រាស់ពីរ ឬ បីខែស្រង់ម្តងនោះ វានឹងធ្វើឲ្យបរិមាណ ថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវ ប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង។

និងទី៣-ការយកមធ្យមភាគ ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជន ណាម្នាក់ឡើយ ព្រោះអតិថិជននៅបន្តការប្រើប្រាស់ ជាធម្មតាពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិតនៅក្នុងផ្ទះ ហើយម្យ៉ាងទៀតថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និងមីនា គឺជាថាមពលដែលប្រើប្រាស់ ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅ ដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែង ក្នុងខែមេសាដែលអាចមានកំណើនច្រើន ជាងដោយសារអាកាសធាតុក្តៅខ្លាំង ៕

To Top