ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១ បាននាំយកថវិកា ចំនួន១០លានរៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជារង្វាន់លើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទៅប្រគល់ជូន លោកស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រជាមនុស្សទី២លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងកាលថ្ងៃ១០ ខែ កុម្ភៈ ២០២១ គឺម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត ហើយថ្ងៃ១១ ខែមេសា ២០២១ បានរកឃើញមនុស្សទី១លាននាក់ ចាក់វ៉ាក់សាំងបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ទទួលបានរង្វាន់១០លានរៀលផងដែរ ។
ដោយឡែក នៅថ្ងៃទី១៤ ខែ ឧសភា ២០២១នេះ បានរកឃើញមនុស្សទី២លាន បានទៅលោកស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយ បក់ផ្សែង ព្រោះគ្មានជម្រើសណា ល្អជាងការខិតខំស្វែង រកវ៉ាក់សាំង ចាក់ជូនប្រជាជននោះទេ ។ ការឆ្លងក្នុងសហគមន៍ម្តង ហើយម្តងទៀត នៅស្ទើរគ្រប់ប្រទេសតម្រូវ ឲ្យខិតខំរកវិធីទប់ស្កាត់ការឆ្លង និងការបាត់បង់ជីវិត ប្រជាជន តាមរយៈការចាក់វ៉ាក់សាំង ៕