ព័ត៌មានជាតិ

រដ្ឋមន្ត្រី មុខងារសាធារណៈ ណែនាំមន្ត្រីរាជការ ត្រូវរស់នៅ និងធ្វើការជាធម្មតា តាមគន្លងថ្មី នៃសម័យកាលកូវីដ-១៩

ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងថា មន្ត្រីរាជ ការត្រូវរស់នៅ និងធ្វើការជាធម្មតា តាមគន្លងថ្មី នៃសម័យកាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដទាំងអស់គ្នា ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។

ក្នុងពិធីប្រកាស កែសម្រួលសមាសភាព ប្រធានក្រុមការងារក្រុងក្រចេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តក្រចេះ លោក ព្រុំ សុខា បានឱ្យដឹងថា «ក្នុងយុទ្ធនាការជាតិប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រយៈពេលជាងមួយឆ្នាំ កន្លងទៅ បានបង្ហាញច្បាស់នូវតួនាទីស្នូល របស់មន្ត្រីរាជការយើង នៅទូទាំងប្រទេស ជាពិសេស សកម្មភាព យ៉ាងសស្រាក់សស្រាំ របស់កងទ័ពអាវស និងមន្ត្រីសាធារណៈជួរមុខ ក៏ដូចជា មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងរួមគ្នា បន្តពុះពាររាល់បញ្ហាប្រឈម ដើម្បីសម្រេចភារកិច្ចគ្រប់គ្រងស្ថានភាពសុខភាពសាធារណៈ បង្កលក្ខណៈដល់ការរក្សាស្ថិរភាព និងប្រក្រតីភាពជីវភាពសង្គម»។

លោក បញ្ជាក់ថា ទន្ទឹមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរ ពោរពេញដោយការទទួលខុសត្រូវ ក្នុងការបន្តប្រយុទ្ធយកឈ្នះកូវីដ-១៩ កម្លាំងសាមគ្គីជាតិរបស់មន្ត្រីរាជការ កំលាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងប្រទេស ក៏បាននិង កំពុងតែពុះពារជំនះ គ្រប់ឧបសគ្គ ដើម្បីដោះស្រាយ រាល់ផលប៉ៈពាល់ នៃវិបត្តិសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយកូវីដ-១៩៕

To Top