ព័ត៌មានជាតិ

គម្រោងសាងសង់ ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចបាន ៤៨%ហើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចបាន ៤៨,៧៧% ហើយក្រុមហ៊ុនសាងសង់ កំពុងបន្តការងារ របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។

នាពេលថ្មីៗនេះ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ផ្លូវជាតិលេខ១០ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោក បុង ប៊ុនហួន បានជំរុញឱ្យ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារ សាងសង់ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់ បានយូរអង្វែង និងចូលរួមអនុវត្ត ឱ្យបាននូវវិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ-១៩ ។

លោក បញ្ជាក់ ថា “ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេច បាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់ កំពុងបន្តការងារសាងសង់ របស់ខ្លួន យ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ” ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ក្នុងការធ្វើដំណើរឆ្លង កាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញ អ្នកទេសចរណ៍ដែលចូលចិត្ត ធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិ ដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

To Top