ព័ត៌មានជាតិ

ឆែក បានរក្សាទុកកម្ពុជា ក្នុងចង្កោមប្រទេស អាទិភាព ចំនួន៦ សម្រាប់ជាដៃគូអភិវឌ្ឍន៍ (Video)

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ាទីន វ៉ាវរា (Martin Vávra) ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ប្រមុខការទូតខ្មែរ បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលឆែក ដែលបានរក្សាទុកកម្ពុជា ក្នុងចង្កោមប្រទេសអាទិភាព ចំនួន៦ សម្រាប់ជាដៃគូអភិវឌ្ឍន៍ ។

នាឱកាសលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោក ម៉ាទីន វ៉ាវរា ចូលជួបសម្តែងការគួរសម ក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា និងឆែក ហើយរដ្ឋមន្រ្ដីការបរទេស នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរសារ អបអរសារទរ និងជូនពរគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ភាគីទាំងពីរបានយល់ស្រប ចំពោះកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។ នេះជាយន្តការ មានសារៈសំខាន់ និងជួយរួមចំណែក ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យជាច្រើន។ កិច្ចប្រជុំនេះត្រូវបានរៀបចំលើកទី១ នៅប្រទេសឆែក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងត្រូវរៀបចំ លើកទី២ នៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

ភាគីទាំងពីរបានកត់សម្គាល់ អំពីកំណើនជាលំដាប់នៃ កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ប្រទេសឆែក ដែលបានផ្តល់អាហារូបករណ៍ជាច្រើន ដល់សិស្ស-និស្សិតកម្ពុជា នាពេលកន្លងមក ហើយដែលនៅក្នុង ឆ្នាំសិក្សា២០២១-២០២២ ប្រទេសឆែកបានផ្តល់ អាហារូបករណ៍ សម្រាប់ថ្នាក់ក្រោយ ឧត្តមសិក្សាជាភាសាអង់គ្លេស ចំនួន ១៧កន្លែង ដល់និស្សិតកម្ពុជា។

ភាគីទាំងពីរ បានឯកភាពគ្នា ធ្វើកិច្ចសហការ និងពិគ្រោះយោបល់គ្នា យ៉ាងជិតស្និទ្ធ ក្នុងក្របខ័ណ្ឌអាស៊ាន នៅពេលដែលប្រទេសឆែក ទទួលធ្វើជាប្រធានសហភាពអឺរុប ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ ស្របពេលដែល ប្រទេសកម្ពុជា ទទួលធ្វើជាប្រធាន អាស៊ាន ៕

To Top