បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ដោយអជ្ញាធរ នៃប្រទេសឥណ្ឌូនេស៊ី ក្រោយរងការចោទប្រកាន់ថា បានលួចយកវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនអ្នកទោស យកទៅលក់នៅជាសាធារណៈ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំងនោះ បានលួចយកវ៉ាក់សាំង ១០០០ដូស នៃវ៉ាក់សាំងចិន Sinovac ដែលត្រូវប្រើប្រាស់ សម្រាប់ក្រុមអ្នកទោស ទៅលក់នៅក្នុងរដ្ឋធានី Jakarta និងនៅភាគខាងជើង កោះ Sumatra ក្នុងតម្លៃ១៧ដុល្លារ ក្នុងមួយដូស។
មនុស្សទាំង៤នាក់នោះ ត្រូវបានគេដឹងទៀតដែរថា មានម្នាក់ជាគ្រូពេទ្យរបស់គុក នៅក្នុងខេត្ត Medan និងអជ្ញាធរសុខាភិបាលម្នាក់ របស់តំបន់ហើយ តាមការបញ្ជាក់របស់ប៉ូលីស បានឲ្យដឹងថាពួកគេ នឹងអាចប្រឈមមុខ ទៅនឹងការដាក់គុក អស់មួយជីវិតផងដែរ ពីបទពុករលួយ។
គួរឲ្យដឹងដែរថាឥណ្ឌូនេស៊ី គឺជាប្រទេស ដែលទទួលរងការ វាយប្រហារធ្ងន់ធ្ងរជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្នរដ្ឋាភិបាល កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចាក់វ៉ាក់សាំង ជូនពលរដ្ឋទាំង២៧០លានរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី