Covid-19

លោក ចូ បៃដិន បញ្ជាឲ្យបង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីស៊ើបអង្កេតប្រភពដើម នៃវីរុសកូវីដ-១៩ (Video)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានស្នើសុំសហគមន៍ ស៊ើបការណ៍ដើម្បី“ ប្រឹងប្រែងទ្វេដង” នៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីស៊ើបអង្កេតដើមកំណើត នៃវីរុសកូវីដ-១៩ ហើយរាយការណ៍មក លោកវិញក្នុងរយៈពេល ៩០ថ្ងៃ។

ការផ្លាស់ប្តូរនេះបានកើតឡើង ចំពេលមានការយកចិត្តទុកដាក់ជាថ្មី ចំពោះទ្រឹស្តីមួយ ដែលវីរុសដែលត្រូវបានរកឃើញ ដំបូងបង្អស់នៅទីក្រុងវូហាន ប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរាលដាលពាសពេញពិភពលោក អាចនឹងលេចចេញដោយចៃដន្យ ពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុងកណ្តាល ប្រទេសចិនមួយនេះ។

លោក បៃដិន បានលើកឡើងថា លោកបានប្រគល់ភារកិច្ចដល់ សហគមន៍ស៊ើបការណ៍សម្ងាត់ នៅក្នុងខែមីនា ដោយរៀបចំរបាយការណ៍ ស្តីពីការវិភាគចុងក្រោយនៃ ប្រភពដើមនៃជំងឺកូវីដ- ១៩ រួមទាំងថាតើវាកើតចេញពី ការទាក់ទងរបស់មនុស្សជាមួយសត្វ ដែលឆ្លង ឬពីគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍។

ប្រធានាធិបតីរូបនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃពុធសហគមន៍ស៊ើបការណ៍សម្ងាត់បាន“ រួមបញ្ចូលគ្នានូវសេណារីយ៉ូទំនងពីរ” ប៉ុន្តែមិនបានឈានដល់ការ សន្និដ្ឋានច្បាស់លាស់នោះទេ។

លោកបានលើកឡើងថា“ ឥឡូវនេះខ្ញុំបានស្នើសុំឱ្យ សហគមន៍ស៊ើបការណ៍សម្ងាត់ ធ្វើការប្រឹងប្រែងរបស់ពួកគេ ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលអាចនាំឱ្យយើងខិតទៅជិត ការសន្និដ្ឋានច្បាស់លាស់ ហើយដើម្បីរាយការណ៍ មកខ្ញុំវិញក្នុងរយៈពេល ៩០ ថ្ងៃ” ។

សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយដៃគូ ដែលមានគំនិតដូចគ្នានៅជុំវិញពិភពលោក ដើម្បី“ ជំរុញប្រទេសចិន ឱ្យចូលរួមក្នុងការស៊ើបអង្កេតអន្តរជាតិ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាង និងផ្តល់លទ្ធភាពទទួលបាននូវរាល់ទិន្នន័យ និងភស្តុតាងពាក់ព័ន្ធ” ៕

ដោយ ឈូក បូរ៉ា

To Top