Covid-19

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងបញ្ចប់នៅថ្ងៃ ៨ កក្កដា ខាងមុខ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ ខែកក្កដា ខាងមុខនេះ ខណៈការចាក់ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង បានចំនួន១១ខណ្ឌក្នុងចំណោមខណ្ឌទាំង១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់យ៉ាងមមាញឹក ពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ។

ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយក្រសួងការងារ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី៨ មិថុនា លោក ឃួង ស្រេង បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងហើយ នឹងបន្តយកវ៉ាក់សាំងនេះទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាលខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជាទាំងអស់ គេចផុតបានពីការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។

គួររំលឹកដែរថា កាលពីថ្ងៃ៦ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ ការពារជំងឺកូវីដ-១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃ១០-២៣ មិថុនា ខណៈដូសទី២ នឹងចាប់ផ្ដើមពីថ្ងៃ២៥ មិថុនា ដល់ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទ អ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅដែលមានសរុប ១៤ទីតាំង៕

To Top