អ្នកដំណើរឆ្ងល់ ពីបច្ចេកទេស ធ្វើផ្លូវរបស់ក្រុមហ៊ុនកូរ៉េ ក្នុងភូមិសាស្រ្ត ស្រុកសំរោង ខេត្តតាកែវ
ភ្នំពេញ ៖ មហាជន ក៏ដូចជាអ្នកធ្វើដំណើរ តាមដងផ្លូវ បានបង្ហាញការងឿងឆ្ងល់ ពីលក្ខណៈបច្ចេកទេស ធ្វើផ្លូវ របស់ក្រុមហ៊ុនហានស៊ីង របស់កូរ៉េ ក្នុងភូមិសាស្រ្ត ស្រុកសំរោង ខេត្តតាកែវ ខណៈការស្ថាបនាផ្លូវខាងលើនេះ ធ្វើឡើងហាក់មិនសមស្រប តាមលក្ខណៈបច្ចេកទេសសោះ ដែលបណ្ដាល ឲ្យផ្លូវធ្វើហើយគ្មានគុណភាព ។
បើតាមអ្នកបច្ចេកទេស ផ្លូវថ្នល់បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកូរ៉េ ដែលដេញថ្លៃ បានគម្រោងផ្លូវខាងលើគឺ ធ្វើផ្លូវមិនសមស្រប តាមលក្ខណៈបច្ចេកទេសឡើយ ធ្វើឲ្យរួចពីដៃ ទើបផ្លូវគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ធ្វើក្រោយខូចមុខបែបនេះ ។
អ្នកដំណើរឆ្ងល់ថា កន្លងមកពេលធ្វើផ្លូវ ធ្លាប់តែឃើញគេឈូស ឬភ្ជួរអាចម៍ដីស្អុយចេញ ទើបចាក់ដី និងកៅស៊ូ ពីលើតែក្រុមហ៊ុនហានស៊ីង បែរជាចាក់ដីពីលើផ្លូវកៅស៊ូចាស់ យកតែម្ដង ដោយគ្មានការភ្ជួរដី ស្អុយចេញនោះទេ ៕
ពហុមតិ៖ សម រង្ស៊ី នឹងបាត់សំឡេង និងឈ្មោះបើ នៅតែធ្វើអ្វីៗ ដើម្បីលុយ
ភ្នំពេញ៖វាជាប្រវត្តិសាស្រ្តច្រំដែលរបស់ លោក សម រង្ស៊ី ដែលបានបង្ហាញមកថា ក្រោមរូបភាពធ្វើអ្វីៗដើម្បីអតីតបក្ស និងពលរដ្ឋគឺលែង មានការទទួលការស្វាគមន៍ហើយ តែបង្វែងមកវិញនូវការអស់ជំនឿទុកចិត្តទៅវិញ ដោយសារគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ។
លោក សម រង្ស៊ីត្រូវបានក្រុមបញ្ញវ័ន្តភាគច្រើនលែងមានជំនឿទុកចិត្តក្រោយពីលោកបានប្រឹងប្រែងបង្កើតព្រឹត្តិការណ៍នានាដើម្បីឲ្យឈ្មោះរបស់លោកឲ្យគេចាប់អារម្មណ៍ ក្រោយពលរដ្ឋហាក់លែងចាប់អារម្មណ៍នឹងលោកទៅហើយនោះ។
ជាក់ស្តែងដោយគ្មានអ្វីថ្មីនិងពលរដ្ឋហាក់ មិនអើពើចំពោះវត្តមានរបស់លោកដែលរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីគេចពីសំណាញច្បាប់នោះ លោកនិងកូនចៅជំនិតៗរបស់បានរួមគ្នាបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា យុទ្ធនាការលក់ប័ណ្ណនាឡិកាសម រង្ស៊ី។ យុទ្ធនាការក្នុងប័ណ្ណមួយមានតម្លៃ៥ដុល្លារ ដើម្បីយកលុយមកជួបប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងពេលវិបត្តិកូវីដ១៩ ។ យុទ្ធនាការនេះបានចាប់ផ្តើមកាលពីដើមខែឧសភា ឆ្នាំ២០២១ ហើយបានបិទបញ្ចប់នាថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២១នេះ ដោយទឹកប្រាក់ប្រមូលពីអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសចំនួន២២ ៨១៨០ដុល្លារ ។
លោក សម រង្ស៊ីបានអះអាងនៅចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសបារាំងថា លុយជាង២០ម៉ឺននេះ នឹងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងស្អាតស្អំបំផុត។
សម្រាប់ការអះអាង ក្នុងពេលប្រមូលលុយបាន ពីការបិទយុទ្ធនាការលក់នាឡិកាជាង២០ម៉ឺនដុល្លារជួយពលរដ្ឋនេះទាំងអ្នកនយោបាយមក ពីបក្សកាន់អំណាច និងប្រឆាំង ព្រមទាំងអ្នកតាមដានស្ថានភាពសង្គមបង្ហាញជំនឿចិត្តថា លុយបានមកនេះនឹងមិនប្រើចំគោលដៅទេ ពោលលោក សម រង្ស៊ីនិងគូកននឹងប្រើប្រាស់ដើម្បីបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ពហុមតិដែលបានបញ្ចេញការយល់ឃើញនេះ ក៏បានលើកឡើងដូចៗគ្នាចំពោះការបាត់លុយ ៧០ម៉ឺនដុល្លារក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ និងលុយបានមកពីរ៉ៃអង្គាសដើម្បីឲ្យលោក សម រង្ស៊ីចូលស្រុកវិញកាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២១៩មិនដឹងបាត់ទៅណា។
ក្នុងន័យផ្ចាញ់ផ្ចាល់ទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាក្នុងពេលប្រកាសបើកយុទ្ធនាកាលក់ប័ណ្ណនាឡិកានេះដែរ លោក សម រង្ស៊ីក៏បានស្នើឲ្យសម្តេចតេជោដោះនាឡិកាលក់ដូចលោក ដោយលោកអះអាងថា នាឡិកាសម្តេចមានតម្លៃខ្ទង់លានដុល្លារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏សម្តេចមិនខ្ចីរវីរវល់ជាមួយលោក សម រង្ស៊ីឡើយ។
ចំពោះសំណើររបស់លោក សម រង្ស៊ីត្រូវបានលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងតបទៅវិញថា លោក សម រង្ស៊ីគ្មានសិទ្ធិមកបង្គាប់បញ្ជា ឬបង្ខិតបង្ខំឲ្យសម្តេចតាមខ្លួននោះទេ ។ លោកថា នាឡិកាសម្តេចតេជោដែលមានតម្លៃខ្ពស់នោះ គឺជាវត្ថុអនុស្សាវរីយ៍ដែលមិត្តភិក្តបរទេសយកមកជូនសម្តេច ដូច្នេះមិនអាចយករបស់ដែលជាអនុស្សាវរីយ៍លក់បានទេ។
ទោះបីជាយ៉ាងណាលោក សុខ ឥសាន គ្មានសង្ឃឹមថា លុយដែលលោកសម រង្ស៊ីប្រកាសប្រមូលបានពីការលក់ប័ណ្ណនាឡិកាចំនួន២២ ៨១៨០ដុល្លារ ក្រោយបញ្ចប់យុទ្ធនាការនោះគឺសម្រាប់ទុកចាយវាយរបស់លោកនិងបក្ខពួកខ្លួនប៉ុណ្ណោះ គ្មានយកទៅជួយពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩នៅកម្ពុជាទេ ដូចលុយដែលបានមកពីការបង្កើតទូរទស្សន៍ព្រះអាទិត្យអីចឹងដែរ គឺបាត់ស្រមោលតែម្តង ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ៦ មិថុនា លោក សម រង្ស៊ីបានថ្លែងថា “ថវិកាប្រមូលនេះ យើងបានចាប់ផ្តើមចែកជូនដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ហើយមកទល់ថ្ងៃនេះយើងបានចែកជូនប្រជាពលរដ្ឋ១៧៨៧គ្រួសារ។ ចែកបាន៦កន្លែងទីតាំង ក្នុងខេត្ត៦ហើយនឹងបន្តចែកគ្រប់ចំនួនដែលយើងបានកំណត់។ នឹងបន្តចែកជូនដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ថែមទៀត”។
លោកអះអាងថា អ្វីដែលលោកធ្វើដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការលៃលកធ្វើយ៉ាងណាឲ្យអំណោយបានទៅដល់ដៃពលរដ្ឋកំពុងរងគ្រោះដោយកូវីដ១៩។
លោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៧ មិថុនា ថា ដូចដែលលោកបាននិយាយជារឿយៗមកថា អ្វីដែលលោកសម រង្ស៊ីធ្វើក្នុងន័យជួយពលរដ្ឋនោះគឺជាកលកល្បិចដើម្បីប្រមូលថវិកាទៅចាយតែប៉ុណ្ណោះ ។លោកថា ដូចករណីទូរទស្សន៍ព្រះអាទិត្យប្រមូលបានក្បែរ១លានដុល្លារមកដល់ពេលនេះបាត់ដំណឹងឈឹងតែម្តងខណៈគម្រោងទូរទស្សន៍គ្មានចេញជារូបរាងអ្វីសោះ ។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំយល់ថា គ្មានអ្វីចំឡែកទេដែលទណ្ឌិតរត់ចោលស្រុកប្រមូលលុយពីប្រជាពលរដ្ឋ។ ការប្រមូលលុយពីពលរដ្ឋក្នុងស្រុកប្រមាណជា៤ម៉ឺននាក់នេះវាបានឆ្លុះបញ្ចាំងថា មានអ្នកគាំទ្រកន្លះនគរគាំទ្រអតីតបក្សប្រឆាំង វានៅត្រឹម៤ម៉ឺននាក់តែប៉ុណ្នឹង” ។
ចំពោះពាក្យសំដីដែលលោក សម រង្ស៊ីអះអាងថា បានជួយពលរដ្ឋរងគ្រោះជិត២ពាន់គ្រួសារនោះ លោក សុខ ឥសានថា លុយនោះអាចយកទៅជួយចិញ្ចឹមចលនាក្រុមឧទ្ទាមក្រៅច្បាប់ដែលមានទំនាក់ទំនងពីក្រៅប្រទេសចូលមកក្នុងប្រទេស។
ក្នុងនាមជាអ្នកទម្លាយអាថ៌កំបាំង បាត់ថវិកាប្រមូលពីការបង្កើតទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារមិនដឹងទៅខាងណានោះ លោក មុត ចន្ថានាយខុទ្ទកាល័យនិងជាមនុស្សជំនិតលោក កឹម សុខាលើកជាចំងល់ជុំវិញនៃការប្រមូលបានថវិកា ជាង២០ម៉ឺនដុល្លារលក់ប័ណ្ណនាឡិកានេះថា តើត្រូវចំណាយបែបណាដើម្បីបានជួយប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ១៩ ឲ្យពិតប្រាកដ កុំឲ្យបាត់លុយមិនដឹងទៅទីណាដូចករណីមុនៗទៀត ។
លោក មុត ចន្ថា បានប្រាប់ថា “យើងក៏ចង់ដឹងថាថវិកាជាង២០ម៉ឺនដុល្លារដែលបានពីការលក់ប័ណ្ណនាឡិកាត្រូវចំណាយបែបណា ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ហើយអ្នកណាត្រូវទទួលធ្វើកិច្ចការនេះ ឬត្រូវបង្វែរលុយនេះទៅខាងណា។ សុចរិតភាពនិងតម្លាភាព គឺជាគុណតម្លៃស្នូល ដើម្បីធានាថា គ្មានអំពើកឹបកេង កេងប្រវ័ញ្ច និងពុករលួយ។ អ្វីដែលសំខាន់ជាងនេះ តើជំនួយនេះប្រើប្រាស់ក្នុងឈ្មោះអ្នកណា តំណាងឲ្យស្ថាប័នអ្វី ឬនីតិបុគ្គលណា ព្រោះវាពាក់ព័ន្ធនឹងផ្លូវច្បាប់។ តើអាជ្ញាធរអនុញ្ញាតឲ្យធ្វើសកម្មបែបណា? បើសិនត្រូវបានអនុញ្ញាតដោយប្រការណាមួយ តើគេនឹងត្រូវយកថវិកាទៅណា?”។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ លោក មុត ចន្ថា នៅតែផ្តោតសំខាន់លើការបាត់ថវិកាជាង៧០ម៉ឺនដុល្លារលើមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលជាលុយញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដែលបានបរិច្ចាគ ដើម្បីគាំទ្រគម្រោងជាក់លាក់នេះ។
លោកថា ឥឡូវគម្រោងទូរទស្សន៍នេះមិនអាចដំណើរការបានទៅមុខតាមគោលបំណងនៃមូលនិធិ ដូច្នេះថវិកាត្រូវតែបង្វែរទៅជួយប្រជាពលរដ្ឋខ្មែរវិញ ។ លោកយល់ថា ត្រូវយកថវិកា៧០ម៉ឺនមកជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន ជឿជាក់ថា ថវិកាលក់ប័ណ្ណនាឡិការបស់លោក សម រង្ស៊ី ពុំមានការប្រើប្រាស់ដោយតម្លាភាព និងមិនផ្ដល់ផលប្រយោជន៍ដល់ប្រជាជនខ្មែរឡើយ។ លោក សាម អ៊ីន ថ្លែង យុទ្ធនាការរបស់ លោក សម រង្ស៊ី ដូចជា យុទ្ធនាការបង្កើតទូរស្សន៍ និងដំណើរវិលស្រុកខ្មែរវិញ ៩ វិច្ឆិកា ត្រូវបរាជ័យជាបន្ដបន្ទាប់ ហើយថវិកាពីទូរស្សន៍ព្រះអាទិត្យជាងកន្លះលានដុល្លារ ក៏មិនដឹងទៅណាដែរ រហូតមកដល់ពេលនេះ។
លោកបញ្ជាក់ថា «ចឹងខ្ញុំមិនជឿថា ថវិការឿងលក់ប័ណ្ណនាឡិកា ពុំមានការប្រើប្រាស់តម្លាភាព និងមិនផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទេ»។
លោកបន្ដថា អ្នកនយោបាយដូចលោក សម រង្ស៊ី ប្រមូលថវិកាមិនត្រូវត្រឹម និងមិនតម្លាភាពបែបនេះ នឹងមានហានិភ័យខ្ពស់។ ក្រោយពី លោកសម រង្ស៊ី ធ្វើយុទ្ធនាការដដែលៗ ដោយគ្មាប្រសិទ្ធភាពនោះ លោក សាម អ៊ីន សង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើននឹងបាត់បង់ជំនឿជាក់គាំទ្រសម រង្ស៊ី ។លោក ថា បើ លោកសម រង្ស៊ី នៅតែបន្ដប្រើប្រាស់នយោបាយ មិនច្បាស់លាស់បែបនេះទៀតអ្នកគាំទ្រនឹងមានការថយចុះជាបន្ដបន្ទាន់។
សម្រាប់លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងឲ្យដឹងដែរថា យុទ្ធនាការលក់ប័ណ្ណនាឡិកា៥ដុល្លារជាការបោកប្រាស់ និងមុខរបរថ្មីលោកសម រង្ស៊ី។ ការថ្លែងនេះដោយសារលោកមើលឃើញលោក សម រង្ស៊ីឧស្សាហ៍បង្កើតព្រឹត្តិការណ៍នានាប្រមូលថវិកាក្នុងន័យជួយទ្រទ្រងផ្នែកផ្សេងៗរបស់អតីតគណបក្សសង្រ្គោះជាតិប៉ុន្តែពុំចេញលទ្ធផល។
លោក ពេជ្រ ស្រស់ ឲ្យដឹងទៀតថា “ខ្ញុំវាយតម្លៃថាយុទ្ធនាការរបស់លោក សម រង្ស៊ីដែលរ៉ៃអង្គាសលុយរឿងទិញនាឡិកាគាត់នេះ វាគ្រាន់តែជាមុខរបររបស់លោក សម រង្ស៊ីទេ ហើយវាជាយុទ្ធនាការបោកប្រាស់អ្នកគាំទ្ររបស់លោកតែប៉ុណ្ណោះ ព្រោះលោកសម រង្ស៊ីលោកតែងតែគិតគ្រប់ពេលវេលាថា ធ្វើយ៉ាងណាឲ្យបានលុយពីអ្នកគាំទ្រគាត់ដើម្បីឲ្យគាត់មានលទ្ធភាពចាយនៅខាងក្រៅប្រទេសតែប៉ុណ្ណោះឯង” ។
លោកបន្តថា នេះជាអាជីវកម្មថ្មីមួយដែលដូរឈ្មោះអាជីវកម្ម ឬដូរប្រេនរបស់អ្នកគាំទ្រលោក។ លោកថា លោកសម រង្ស៊ីមិនដែលយកលុយរ៉ៃបានដើម្បីបម្រើផលប្រយោជនន៍ជាតិពលរដ្ឋទេ ជាក់ស្តែងរ៉ៃលុយបង្កើតទូរទស្សន៍ព្រះអាទិត្យមិនឃើញបង្កើតហើយ បែរជាបាត់ដោយស្ងៀមស្ងាត់ទៅវិញ។
ចំពោះលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា តើថវិកាលក់ប័ណ្ណនាឡិការបស់លោក សម រង្ស៊ី ប្រើប្រាស់ចំគោលដៅឬទេ? ព្រោះ នាពេលកន្លងមក មូលនិធិជាច្រើនត្រូវបាន សម រង្ស៊ី ចាយវាយផ្ទាល់ខ្លួន។ លោក គិន ភា បានមានប្រសាសន៍ថា ថវិកាលក់ប័ណ្ណនាឡិការបស់ លោក សម រង្ស៊ី ទទួលបានជាង២០ម៉ឺនដុល្លារនោះ តើតួលេខជាក់លាក់ឬយ៉ាងណា? ព្រោះថា គ្មានយុទ្ធការត្រួតពិនិត្យ តើតម្លាភាពប៉ុណ្ណា?
លោកបន្ដថា បើសិន លោកសម រង្ស៊ី គាត់ចង់ដំឡើងតួលេខលុយហ្នឹងគឺមានន័យថា គាត់ចង់បង្ហាញប្រជាប្រិយភាពខ្លួនគាត់ថា មានប្រជាពលរដ្ឋចូលរួមច្រើន ដូច្នេះគាត់គ្មានភាពស្មោះត្រង់ជាមួយអ្នកគាំទ្រ នៅក្នុងយុទ្ធនាការលក់ប័ណ្ណនាឡិកា។
លោកបញ្ជាក់ថា «ក៏ប៉ុន្ដែសួរថា តើលុយរបស់គាត់ដែលទទួលបានហ្នឹង (ទទួលបានពីលក់ប័ណ្ណនាឡិកា) យកទៅប្រើប្រាស់ចំគោលដៅឬទេ? បានត្រឹមត្រូវទេ គឺយើងមានការសង្ស័យ ពីព្រោះកន្លងមកយើងបានដឹងហើយថា មូលនិធិជាច្រើនដែល សម រង្ស៊ី គាត់បានប្រមូលហ្នឹងគឺយើងអត់បានឃើញថា គាត់ចាយវាយយ៉ាងម៉េច? ហើយបានប្រើប្រាស់ទៅតាមគោលបំណងដើមនៃមូលនិធិនឹងឬអត់ទេ?»។
លោក គិន ភា ក៏លើកឧទាហរណ៍ថា មូលនិធិទូរស្សន៍ព្រះអាទិត្យ ប្រមូលលុយបានយ៉ាងច្រើន ហើយរហូតមកដល់នេះ ប្រជាពលរដ្ឋអ្នកដែលចូលលុយ ក៏មិនបានដឹងថា ចាយទៅលើអ្វីខ្លះដែរ? ។ដូច្នេះ ថវិកាជាង២០ម៉ឺនដុល្លារនោះ ប្រើប្រាស់ចំគោលដៅឬអត់។ លោកបន្ថែមថា នាពេលកន្លងមក លោក សម រង្ស៊ី ក៏បានបាត់បង់ជំនឿពីប្រជាពលរដ្ឋ ហើយលោក ក៏បាត់បង់បន្ថែមទៀត ដោយសារ ក្នុងមន្ដ្រីអតីតគណបក្សរបស់គាត់ មានការវាយប្រហារគ្នាទៅវិញ ទៅមក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបានបើកប្រមូលជំនួយពីសាធារណជនដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ ប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកា ផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ។ មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ ពីគណនេយ្យធនាគារ ៕
វ៉ាក់សាំង១លានដូសរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ
ភ្នំពេញ ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស។
វ៉ាក់សាំងចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី៨ មិថុនា នេះ គឺជារ៉ាក់សាំង លើកទី៦ហើយ។ ដោយលើកទី៥ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា , លើកទី៤ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៦ ឧសភា , លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូសមកដល់កាលពីថ្ងៃទី២៦ មីនា។
តាមសារៈសំឡេង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់កម្ពុជានៅខែមិថុនា ឆ្នាំ២០២១ និងមកជាបន្ដបន្ទាប់ទៀត ផងដែរ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន តែតែងលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ។
សម្ដេចតេជោ ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់ វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ផងដែរ។
សម្ដេចតេជោ បន្ដថា វ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជាបានកើតមាន ក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា-ចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរ ក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។
កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបានជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ នាពេលខាងមុខ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៦៦%៕
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ៖ កំពង់ផែរាមកំពុងស្មុគស្មាញ តែនឹងមានភាពល្អប្រសើរវិញ
ភ្នំពេញ ៖ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានថ្លែងថា កំពង់ផែរាម របស់កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញ រវាងកម្ពុជាជាម្ចាស់ប្រទេសជាមួយនឹងប្រទេសមហាអំណាចចិន-អាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកថា បញ្ហាដែលចាក់ស្រេះដ៏ស្មុគស្មាញ នេះនឹងធូរស្រាល ហើយល្អប្រសើរឡើងវិញ ក្រោយកម្ពុជាអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ចុះទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាម ក្នុងពេលណាមួយ នាពេលខាងមុខ ។
ទំនាក់ទំនងកម្ពុជា-អាមេរិក មើលទៅវិជ្ជមានដែរ ក្រោយមានការជួបគ្នារវាង ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់អាមេរិក លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានជួបអនុព័ន្ធយោធាផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មី ។ នេះបើតាមលោកបណ្ឌិត ឈាង វណ្ណារិទ្ធបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ មិថុនា ។
លោកបណ្ឌិតថា នេះជាឱកាសថ្មីមួយសម្រាប់ភាគីទាំង២ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវការជឿទុកចិត្តគ្នាទាក់ទងទៅនឹងកំពង់ផែរាម ។
បើតាមលោកបណ្ឌិតឈាង វណ្ណារិទ្ធដដែល “បញ្ហាកំពង់ផែនៅសមុទ្ររាមជាបញ្ហាមួយស្មុគស្មាញ ក៏ប៉ុន្តែការធ្វើឲ្យមានការបើកចំហ មានតម្លាភាពហ្នឹងវាសំខាន់ ដើម្បីពង្រឹងនូវការយល់គ្នាទៅវិញទៅមក។ ដូចនេះត្រូវការអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ឬក៏ស្ថានទូតផ្សេងៗដែលចាប់អារម្មណ៍បញ្ហាហ្នឹងអាចទៅធ្វើទស្សនកិច្ចស្វែងយល់ គឺជាករណីល្អដែរ” ។
លោកសង្ឃឹមថា ក្រោយបើកចំហរវាងកម្ពុជា-អាមេរិក លើករណីកំពង់ផែរាមនេះ បញ្ហាទាំងនេះនឹងអាចរសាត់អណ្តែតទៅផុត ហើយអាមេរិកនឹងអស់មន្ទិលសង្ស័យនៅផែសមុទ្ររាម ហើយទំនាក់ទំនងងាកមកល្អជាមួយគ្នាវិញ។ ជាមួយគ្នានេះ ទំនាក់ទំនងអាមេរិក-កម្ពុជាលើផ្នែកយោធាក៏ដូចជាសន្តិសុខនឹងពង្រឹងបន្ថែមទៀតព្រោះកម្ពុជាបើកទ្វារចំហទៅគ្រប់ទិសអត់មានលំអៀងទៅប្រទេសណាមួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែរាមនេះទេ ។
នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកសរសើរថា នេះជាគោលនយោបាយច្បាស់លាស់របស់កម្ពុជា ដូចនេះយ៉ាងណាយ៉ាងណី គឺអាស្រ័យទៅលើអាមេរិកដើម្បីជំរុញបន្ថែមទៅលើទំនាក់ទំនងទ្វេភាគី។
ក្រោយការបំពេញទស្សនកិច្ចរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅកម្ពុជា តែមួយថ្ងៃ នាថ្ងៃ១ មិថុនា លោកស្រីបានជួបសម្តេចតេជោ លោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិល។ ឃើញថា ក្រោយលោកស្រីចេញពីកម្ពុជាតាមរយៈស្ថានទូតអាមរិកប្រចាំកម្ពុជា លោកស្រីបានសម្តែងក្តីបារម្ភរបស់ ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋ ប្រជាមានិតចិនណាមួយនៅកម្ពុជា ចំណុចនេះលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា ។
ប៉ុន្តែក្រោយប៉ុន្មានថ្ងៃនៃការចេញ ដំណើររបស់លោកស្រីពីកម្ពុជា សម្តេច ទៀ បាញ់បានថ្លែងថា កម្ពុជានឹងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ក្នុងឱកាសល្អណាមួយទៅមើលផែរាម ។
កាលពីថ្ងៃ៧ មិថុនា សម្តេច ទៀ បាញ់បានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដែលផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលា។ សម្តេចក៏បានស្នើអនុព័ន្ធយោធាអាមេរិក បន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជា-អាមេរិក ដែលបានខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែទោះយ៉ាងណាជំនួបនេះ មិនបានលើកឡើងពីការកំណត់កាលបរិច្ឆេទ ជាក់លាក់ណាមួយនៃដំណើរទស្សនកិច្ច របស់អនុព័ន្ធយោធាអាមេរិកនៅកំពង់ផែរាមទេ។ បើតាមការចេញផ្សាយរបស់វិទ្យុបារាំង៕
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ ចំនួន២ ដោយផ្ទាល់នៅទីក្រុងឆុងឈីង ប្រទេសចិន
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹង ប្រព្រឹត្ត នៅ ថ្ងៃទី ៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០ ២ ១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ មិថុនាបានឲ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា គឺជា ផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួបដើម្បី អបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថានឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ យុទ្ធ សាស្រ្ត អាស៊ាន -ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈម នានាដែល កំពុង កើតមា ន ឡើង ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និង អន្តរជាតិ ដែល ជា ចំណាប់អារម្មណ៍រួម ផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្រ្តី ការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេស ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។
ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញ បំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោកទីប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ នឹង អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖
១. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។
២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន ។
ក្នុងឱកាសនៃការស្នាក់នៅទីក្រុងឆុងឈីង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោង នឹង មាន ជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដោយផ្ទា ល់ ដើម្បីពង្រឹង បន្ថែម ទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ៕
សម្ដេច ទៀ បាញ់ ជឿជាក់ថា ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា នឹងមានវិធានការដោះស្រាយក្រោយជួបប្រទះបញ្ហា
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ មានជំនឿថា ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា នឹងមានវិធានការដោះស្រាយ តទៅមុខទៀត ជាក់ជាមិនខាន ក្រោយពីក្រុមហ៊ុន បានជួបប្រទះនូវបញ្ហាមួយចំនួន ។
យោងតាមការចេញផ្សាយរបស់ វិទ្យុអាស៊ីសេរី នាពេលថ្មីៗនេះបានឲ្យដឹងថា “ក្រុមហ៊ុនប្រេង គ្រីសអែណឺជី (KrisEnergy) ដែលកាលពីដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូង នៅកម្ពុជា ឥឡូវប្រកាសក្ស័យធនទៅហើយ ។ កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមហ៊ុននេះ ថាខ្លួនគ្មានលទ្ធភាពសងបំណុលរួច ទើបប្រកាសក្ស័យធនបែបនេះ” ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ វិមាននយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ខ្ញុំមានជំនឿថា កិច្ចការទាំងអស់ជួនណា វាមិនមានភាពរលូនដូចធ្វើដំណើរ តាមថ្នល់កៅស៊ូទេ វាអាចមានរលាកនេះ រលាកនោះ គេនឹងមានវិធានការ ដោះស្រាយ តទៅមុខទៀតជាក់ជាមិនខាន» ។
ជាងនេះទៅទៀត សម្តេច ទៀ បាញ់ ក៏បានចាត់ទុកការរិះគន់ របស់ជនអគតិមួយចំនួន ជាពិសេស ពួកឧទ្ទាមក្រៅច្បាប់ថា គ្មានប្រយោជន៍ និងគ្មានហេតុផលអ្វីឡើយ ខណៈការរិះគន់របស់ពួកទាំងនោះ មានចេតនាចង់បំផ្លិតបំផ្លាញ សុខសន្តិភាព ប្រទេសកម្ពុជាដែលមានការរីកចម្រើន។
សម្ដេចបន្ដថា ពួកជនអគតិតែងតែបន្ទោសបង្អាប់ ប្រទេសកម្ពុជា ទោះបីកម្ពុជា មានការរីកចម្រើន ឥតឈប់ក៏ដោយ ដូច្នេះជារឿងធម្មតាហើយ របស់ក្រុមពួកជនអគតិទាំងអស់នោះ ។
ក្រោយកែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ វិមាននយោបាយ ឈ្នះ-ឈ្នះ និមិត្តរូបរួមនៃដំណក់ប្រេងដំបូង របស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា» ។
បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា» ។
សូមរំលឹកថា ដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូប នៃភាពជោគជ័យ នៃវិស័យប្រេងកាត របស់កម្ពុជាដែរ ។ នេះជាសមិទ្ធផលថ្មីក្រោមម្លប់ នៃសន្តិភាពពេញលេញកើតចេញ ពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ៕
សម្ដេច ទៀ បាញ់ ៖ ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម ទោះកម្ពុជា ខំប្រឹងឆ្លើយតប ក៏នៅដដែល ព្រោះមិនតាមបំណង ប្រាថ្នាអាមេរិក
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជាឆ្លើយតប យ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ នៃវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានរំលឹកថា លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដោយលើកឡើងបញ្ហាចោទប្រកាន់ រឿងមូលដ្ឋានទ័ពចិន នៅសមុទ្ររាម។
សម្ដេចបន្ដថា ក្នុងជំនួបនោះដែរ សម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រ គ្រប់ពេលវេលា ក្រោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ស្នើសុំ សម្ដេចតេជោ ចុះត្រួតពិនិត្យ ។
សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ប៉ុន្ដែអត់មានរឿងអីចម្លែកទេ ទោះជាទៅលើកនេះ ក៏អត់មានអីចម្លែកដែរ ខ្ញុំនិយាយតែប៉ុណ្ណឹងទេ ដោយសារអ្វី? មុនហ្នឹងធ្លាប់ចុះទៅម្តងហើយងងឹតមេឃងងឹតដី ចុះទៅម្តងហើយ គឺនៅតែដដែល ហើយបើខ្ញុំនិយាយ និយាយរាប់លើកមិនអស់ទេ ប៉ុន្តែនៅតែដដែលៗ ព្រោះមិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ» ។
យោងតាមការចេញផ្សាយ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានសង្កេតឃើញថា មូលដ្ឋានយោធារបស់ចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាព របស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមាន ដល់ទំនាក់ទំនងរវាង អាមេរិក-កម្ពុជា ៕
លោកស្រី មូរ សុខហួរ បំភ្លឺថា លុយជាង៧០ម៉ឺនដុល្លារ អត់បាត់ទៅណាទេ
ភ្នំពេញ ៖ លុយមូលនិធិសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ ឬ Sun TV ជាង៧០ម៉ឺនដុល្លារកំពុងតែប្រទាំងប្រទើសគ្នារវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ីដោយសារមិនដឹងថា លុយនេះបាត់ទៅខាងណា ។ ករណីនេះ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរបានចេញមកស្រាយបំភ្លឺថា លុយ៧០ម៉ឺនដុល្លារអត់បានបាត់ទៅណា ឲ្យតែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានសិទ្ធិបើកទូរទស្សន៍ព្រះអាទិត្យនឹងឃើញភ្លាម ។
តែក្រសួងព័ត៌មានថា បានផ្តល់អាជ្ញាប័ណ្ណឲ្យបង្កើតទាំងទូរទស្សន៍ និងវិទ្យុ រួចហើយ តាមរយៈឲ្យបើកជាលក្ខណៈក្រុមហ៊ុន ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ។
តាមរយៈវិដេអូជាង១នាទីផ្សាយក្នុងហ្វេសប៊ុកនាថ្ងៃ៧ មិថុនា លោកស្រីមូរ សុខហួរ បានឲ្យដឹងថា សួរថាលុយទូរទស្សន៍សង្រ្គោះជាតិ៧០ម៉ឺនដុល្លារនៅឯណា ? ចំលើយងាយទេ ឲ្យតែអនុញ្ញាតឲ្យបង្កើតទូរទស្សន៍ព្រះអាទិត្យនឹងឃើញភ្លាម។
លោកស្រីថា ព្រោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាបានឯកភាពជាមួយគណបក្សសង្រ្គោះជាតិអនុញ្ញាតឲ្យបង្កើតទូរទស្សន៍កាលពីអំឡុងឆ្នាំ២០១៤ ។
លោកស្រី មូរ សុខហួរបញ្ជាក់ថា “ឥឡូវចង់ដឹងថា លុយ៧០ម៉ឺនដុល្លារដែលបងប្អូនទាំងអស់គ្នាចូល ហើយជាលុយញើសឈាមរបស់បងប្អូនថា តើលុយហ្នឹងនៅឯណា សូមឲ្យរដ្ឋាភិបាល ឲ្យអាជ្ញាប័ណ្ណ ហើយបើកឲ្យយើងមានសិទ្ធិបង្កើតទូរទស្សន៍ព្រះអាទិត្យ លុយហ្នឹងនឹងឃើញភ្លាមមួយរំពេច។ លុយហ្នឹងអត់ទៅណាទេ” ។
លោកស្រីថា ព្រោះលោកស្រីក៏បានចូលរួមថែរក្សាលុយនេះដែរ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងបកទៅវិញថា “ការផ្តល់ឡាយសិន ឬអាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុឲ្យរួចហើយ ។ ឲ្យទៅនោះ ក្នុងន័យបង្កើតក្រុមហ៊ុន ក៏ប៉ុន្តែអាជ្ញាប័ណ្ណហ្នឹងបានទៅដល់ដៃហើយ តើក្រុមហ៊ុននោះយកទៅធ្វើអី? ចំលើយថា វាមានអាថ៌កំបាំងរបស់ក្រុមហ៊ុននោះទេ ។ ចឹងរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណដល់បក្សនយោបាយទេ ប៉ុន្តែក្រុមហ៊ុនធ្វើបាន ។ ចឹងបានឲ្យពួកគេបង្កើតក្រុមហ៊ុនទៅ” ។
លោកថា ដូច្នេះអាប័ណ្ណរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានប្រគល់ឲ្យរួចហើយ ហើយកុំមកយកលេស ដោះទាល់ ដោះសារថា មិនបានប្រគល់ឲ្យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបានបើកប្រមូលជំនួយពីសាធារណជនដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ។
ក្នុងនាមជាអ្នកទម្លាយអាថ៌កំបាំង បាត់ថវិកាប្រមូល ពីការបង្កើតទូរទស្សន៍ព្រះអាទិត្យ ជាង៧០ម៉ឺនដុល្លារ មិនដឹងទៅខាងណា លោក មុត ចន្ថា បានឲ្យដឹងថា មានអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ ហើយមកទល់ពេលនេះមិនដឹងលុយទៅណាទេ៕
អាមេរិក ប្រគល់ វត្ថុបុរាណសម័យអង្គរ ដែលត្រូវបានជួញដូរ ចំនួន២៧រូប ឲ្យកម្ពុជាវិញ
ភ្នំពេញ៖ សហរដ្ឋអាមេរិកបាន ប្រគល់វត្ថុបុរណមានរូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗ ចំនួន ២៧រូប ឲ្យកម្ពុជា ដើម្បីនាំត្រឡប់មកមាតុភូមិវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតកម្ពុជាប្រចាំអាមេរិកនៅថ្ងៃទី៩ មិថុនាបានឲ្យដឹងថា លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញាមកកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យ រដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក កាលពីថ្ងៃទី៩ មិថុនា។
ក្នុងចំណោមវត្ថុបុរាណចំនួន២៧ត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះជាមួយការិយាល័យរដ្ឋអាជ្ញា។
លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខាតាមរយៈវិដេអូថា ការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។
លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះ ត្រឡប់មកកម្ពុជាវិញ។
លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មី នូវលទ្ធផលផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌ រវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា «យើងខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ការជួញដូរ សម្បត្តិវប្បធម៌ខ្មែរ ខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ»។
លោកឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយម សន្សំវត្ថុបុរាណខ្មែរទាំងអស់ឲ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងទទួលដឹងថា សម្បត្តិវប្បធម៌ខ្មែរភាគច្រើននៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ៕
លោក អ៊ូ ច័ន្ទរ័ត្ន ៖ លុយជាង៧០ម៉ឺនដុល្លារ មិនពាក់ព័ន្ធជាមួយខ្ញុំទេ
ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរង នៃគណៈអភិបាល ក្រុមតំណាង របស់អតីតគណបក្ស សង្រ្គោះជាតិ បានអះអាងថា លុយជាង៧០ម៉ឺនដុល្លារ របស់មូលនិធិទូរទស្សន៍ ព្រះអាទិត្យ ដែលមានការអះអាងថា បាត់មិនដឹងទៅណានោះ គឺមិនជាប់ពាក់ព័ន្ធ ជាមួយលោក ឬលោក ប៉ុល ហំម និងលោកម៉ៅ មុនីវណ្ណទេ ។
លោក មុត ចន្ថា តាមរយៈលិខិតចំហរមួយច្បាប់ កាលពីថ្ងៃ៩ មិថុនា បានស្នើលោកអ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងលោក ម៉ៅ មុនីវណ្ណចេញមុខមកបញ្ជាក់ ជាសាធារណៈជុំវិញបាត់លុយ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដើម្បីបញ្ជាក់ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព ។ លោក មុត ចន្ថា ក៏ថ្លែងទៀតថា លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សនយោបាយថ្មី គឺ«គណបក្សកំណែទម្រង់កម្ពុជា» និងលោក ប៉ុល ហំម បានប្រកាស នឹងទៅចូលរួមដឹកនាំ គណបក្សនេះដែរ ដូច្នេះតើ«ថវិកាទ្រទ្រងគណបក្សថ្មីនេះ» មិនមែនជាចំណែកណាមួយបានមកពីមូលនិធិទូរទស្សន៍ព្រះអាទិត្យ? ។
តបចំពោះសំដីលោក មុត ចន្ថា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ មិថុនា ថា លោកមុត ចន្ថា និយាយអ្វីគឺជាសិទ្ធិ របស់គាត់ទេ ។
ប៉ុន្តែលោកថា “ថវិកាទាំងនៅក្នុងមូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិកា របស់បក្សអត់មានអ្វីពាក់ព័ន្ធ ជាមួយតួនាទីរបស់ខ្ញុំ ឬឯកឧត្តម ប៉ុល ហំម ឬក៏ឯកឧត្តម មុនីវណ្ណ ដោយសារកាល ដែលគណបក្សរំលាយ រហូតមកដល់ពេលនេះ មិនមានការផ្ទេរសិទ្ធិ ផ្ទេរតំណែងណាមួយ ទៅឲ្យអ្នកណាម្នាក់ទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ” ។
លោកថា គ្មានអ្នកណាម្នាក់ មានសិទ្ធិ ទៅដកថវិកាមូលនិធិទូរទស្សន៍ ព្រះអាទិត្យទេដោយសារ ពុំបានផ្ទេរសិទ្ធិ ។
លោកបន្តទៀតថា “ចំណែកតួនាទី របស់ខ្ញុំវិញ ខ្ញុំជាអភិបាលរង ក្រុមសភារបស់គណបក្ស សង្រ្គោះជាតិ ដូច្នេះតួនាទីរបស់ខ្ញុំគ្រាន់តែពិនិត្យលើផ្លូវច្បាប់ ពិនិត្យមើលច្បាប់អនុម័ត ដោយសភាប៉ុណ្ណោះ” ។
លោក អ៊ូ ច័ន្ទរ័ត្នឲ្យដឹងទៀតថា គួរតែលោកមុត ចន្ថាផ្ទាល់ទេបានដឹងច្បាស់ជាងគេ ព្រោះលោកនៅជិតលោកកឹម សុខាច្រើនជាងគេ ។
សម្រាប់ថវិកាជាង៧០ម៉ឺនដុល្លារនេះ ដោយមិនអាចបង្កើតជាទូរទស្សន៍ លោក អ៊ូ ច័ន្ទរ័ត្នថា គួរតែធ្វើឲ្យមានតម្លាភាព តាមរយៈការយកមកជួយកុមារកំព្រា ឬមន្ទីរពេទ្យគន្ធាបុប្ផាព្រោះធ្វើបែបនេះទើបបានឆ្លុះបញ្ចាំង ពីភាពស្អាតស្អំរបស់អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ។
សូមបញ្ជាក់ថា ក្នុងលិខិតចំហរផ្ញើទៅលោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងលោក ម៉ៅ មុនីវណ្ណកាលពីថ្ងៃ៩ មិថុនា មានខ្លឹមសារថា ដើម្បីបញ្ជាក់ ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព លោកមុត ចន្ថាបានស្នើលោកទាំង៣ គួរតែចេញមុខមកបញ្ជាក់ ជាសាធារណៈ បើពុំសោតទេ អាចនឹងបង្កើត ឲ្យមានមន្ទិលយ៉ាងខ្លាំង ចំពោះលោកទាំង៣ ៕
អ្នកសេដ្ឋកិច្ច ៖ ការផលិតមាសបាន៣ តោនក្នុង១ឆ្នាំ របស់កម្ពុជា នឹងជួយសម្រាលបន្ទុករដ្ឋាភិបាលក្នុងការចាយវាយ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រកាសថា កម្ពុជាផលិតមាសបាន៣តោន ក្នុង១ឆ្នាំ ដោយទទួលចំណូលប្រមាណជា១៨៥លានដុល្លារ ។ ក្រោយការប្រកាសពីជោគជ័យដ៏ធំធេងនេះ ត្រូវបានលោក ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង បានវិភាគលើចំណូលនេះថា នឹងជួយសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាដើម ។
លោក ឆេង គឹមឡុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា គម្រោងរុករករ៉ែមាស និងរ៉ែផ្សេងទៀតរបស់ក្រុមហ៊ុននានាមិនមែនទើបតែចាប់ផ្តើមលើកទី១ទេ បានធ្វើឡើងតាំងពី២ទស្សវត្សមកហើយ គ្រាន់តែក្រុមហ៊ុនខ្លះទទួលជោគជ័យ និងខ្លះបិទដំណើរការទៅវិញ ។
លោកថា តែកាលពីថ្ងៃ១០ មិថុនា ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសពីជោគជ័យរបស់ក្រុមហ៊ុនរុករ៉ែមាសរបស់ប្រទេសអូស្ត្រាលី គឺបានបង្ហាញភាពច្បាស់លាស់និងប្រាកដប្រជាក្នុងការសិក្សាដោយវិភាគលើសមត្ថភាពរួចមកហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ដូច្នេះបន្ទាប់ពីសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ នឹងអាចឈានទៅដល់ការរុករកពិតប្រាកដ ។
លោក ឆេង គឹមឡុង បញ្ជាក់ថា “ដូច្នេះយើងមើលទិដ្ឋភាពចំណូលចូលក្នុងថវិកាជាតិ ប្រសិនបើចំណូល១៨០ទៅ១៩០លានដុល្លារចូលទៅក្នុងកញ្ចប់ថវិកាជាតិ វាអាចនឹងជួយសម្រួលទៅដល់បន្ទុករបស់រដ្ឋាភិបាលក្នុងការធ្វើចំណាយចាយវាយ ។ ជាចំណាយមូលធន ឬក៏ជាចំណាយចរន្តផ្សេងៗនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច” ។
បើតាមសាលិខិតផ្ញើជូនរួមជាតិនាថ្ងៃ១០ មិថុនា របស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលីទី១ ចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់ កណ្ដាលសម្រេចដែលមានអត្រាមាស៩០%(Gold Doré Bars) ក្រោយក្រុមហ៊ុនបានសិក្សា ស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ។ តាមរបាយការណ៍សមិទ្ធលទ្ធភាព ផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ក្រុមហ៊ុនមានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ។
រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឲ្យ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម លើកដំបូងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ចាប់ពីថ្ងៃទី២១ មិថុនា៕
អនុព័ន្ធយោធាអាមេរិក ស្នើយោធាកម្ពុជា ឲ្យអនុញ្ញាតដើរមើល មូលដ្ឋានកងទ័ព ជើងទឹករាម គ្រប់ទីកន្លែងឡើងវិញ
ភ្នំពេញ ៖ លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ស្នើមន្ដ្រីយោ ធាកម្ពុជា អនុញ្ញាតឲ្យលោក ដើរមើលមូលដ្ឋានកងទ័ពជើងទឹករាម គ្រប់ទីកន្លែងឡើងវិញ ក្រោយពីលោក មិនត្រូវបាន អនុញ្ញាតឲ្យមើលកងទ័ពជើងទឹករាម គ្រប់ទីកន្លែង។
នាពេលថ្មីៗនេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបានយល់ព្រមឲ្យ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ធ្វើការចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។
សម្ដេចតេជោ ក៏បានធ្វើការសម្រេចចិត្តដូច្នេះ ជាការឆ្លើយតបទៅនឹងកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រី អនុរដ្ឋមន្រ្តីការបរទេស Sherman ដែលលោកស្រីបានលើកឡើងស្តីពី វត្តមានយោធា និងការសាងសង់នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា «ដូច្នេះ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួល ជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី១១ ខែមិថុនា។ នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យ លោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។
ស្ថានទូត បន្ដថា «នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជា កំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខ ឲ្យបានឆាប់បំផុត»។
ស្ថានទូតអាមេរិក រៀបរាប់ថា ទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ នៃវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ មិថុនា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានបញ្ជាក់ថា ការចោទប្រកាន់មូលដ្ឋានទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជា ឆ្លើយតបយ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក។ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រ គ្រប់ពេលវេលា៕