ភ្នំពេញ៖ នាថ្ងៃទី១១ ខែមិថុនា លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានតំណាង ឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពាក់មេដាយសហមេត្រីថ្នាក់ ធិបឌិន្ទ ជូនដល់លោកAi Xiang និងក្រុមអ្នកជំនាញ វេជ្ជសាស្រ្តចិន ផ្សេងទៀត សរុប៧រូប ដែលអញ្ជើញ មកពីតំបន់ស្វយ័ត Guangxi ដែលពួកគាត់បានរួមចំណែក យ៉ាងសកម្មក្នុងកិច្ចទប់ស្កាត់ លើជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ។ ពិធីខាងលើត្រូវបានរៀបចំឡើង ក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន ។ នេះបើយោងស្ថានទូតចិនប្រចាំកម្ពុជា។
ក្នុងសុន្ទរកថា របស់លោកស្រី បានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩ មករដ្ឋាភិបាលនិងប្រជាជនចិន តែងបោះជំហានឆ្ពោះទៅមុខ ឥតឈប់ឈរ អ្នកជំនាញជាច្រើនបានផ្តល់ជាយោបល់ណែនាំក៏ដូចជាជំនួយ ជាសម្ភារៈជូនដល់ភាគីកម្ពុជាជាច្រើន។ ហើយបានចាត់ទុកកម្ពុជា ជាទិសដៅអាទិភាព នៃជំនួយវ៉ាក់សាំងកូវីដ ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ។ ចំពោះមេដាយ ដែលបានបំពាក់ជូននាលើកនេះ ក្នុងបំណងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាង លេចធ្លោ របស់ពួកគាត់ ក្នុងការជួយកម្ពុជា ប្រយុទ្ធប្រឆាំងលើជំងឺវីរុស ។ កម្ពុជានិងចិនបន្តជួយគ្នាទៅវិញទៅមក ហើយប្រជាជនកម្ពុជា នឹងបន្តឈរជាមួយប្រជាជនចិនជានិច្ច។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ខាងលើ ដែលអញ្ជើញមកពី តំបន់ស្វយ័ត Guangxi ចំនួន៧រូប ទទួលបានភារកិច្ចជាបន្ទាន់ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយពាំនាំជាមួយអំណោយ ជាសម្ភារៈ ទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃ សរុបជាង ៤លានយ័ន ដែលជាជំនួយ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា។ ពួកគាត់គឺជាក្រុមអ្នកជំនាញ វេជ្ជសាស្រ្ត ដែលភាគីចិន បានចាត់បញ្ជូនទៅកាន់ ក្រៅប្រទេស មុនគេបង្អស់ ៕