ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បង្ហាញការសោកស្តាយដែលលោក បៃដិន មិនជួបបណ្ដាមេដឹកនាំអឺរ៉ុបខាងកើត ក្នុងអំឡុងដំណើរទស្សនកិច្ច

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញ លោក Zbigniew Rau នាពេលថ្មីៗនេះ បានធ្វើការរិះគន់ចំពោះ ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលមិនជួបជាមួយបណ្ដាមេដឹកនាំអឺរ៉ុបខាងកើត នៅក្នុងអំឡុងដំណើរទស្សនកិច្ចបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។ 

នៅក្នុងបទសម្ភាសន៍មួយ ដែលចេញដោយកាសែត Rzeczpospolita នៅថ្ងៃសុក្រនេះ លោក Zbigniew Rau ក៏បានបង្ហាញនូវការសោកស្តាយ ដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការលើកលែងទណ្ឌកម្មលើ ក្រុមហ៊ុននៅពីក្រោយបំពង់ប្រេង Nord Stream 2 ដែលកំពុងកសាង ដើម្បីនាំយកឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់។ 

លោក Zbigniew Rau បានមានប្រសាសនយ៉ាងដូច្នេះថា “ជាអកុសល គណៈប្រតិភូអាមេរិកមកកាន់អឺរ៉ុប ដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន គឺរវល់ខ្លាំងលើជំនួប របស់លោកជាមួយលោកប្រធានាធិបតី ពូទីន ដែលរកមិនឃើញពេលវេលារៀបចំជំនួប ជាមួយសម្ពន្ធមិត្តនៅតាមបណ្ដោយភាគខាងកើត”។ 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប រយៈពេល៨ថ្ងៃរបស់លោក បៃដិន រួមមានទាំងជំនួបកំពួលក្រុមប្រទេស G7 នៅក្នុងប្រទេសអង់គ្លេស កិច្ចពិភាក្សានៅទីក្រុងព្រួចសែល ជាមួយមេដឹកនាំសហភាពអឺរ៉ុប និងសម្ពន្ធមិត្តយោធាអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺអង្គការណាតូ និងជំនួបកំពូលមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top