ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារ ជាមួយលោក ផាក ទ្រីម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជុំវិញការបំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុសាកលលោក ។
ការជួបនេះធ្វើឡើងស្របពេល សហរដ្ឋអាមេរិកប្រកាសផ្ដាច់ជំនួយ ពីកម្ពុជា ដោយសារការ កាប់ឈើខុសច្បាប់ នៅតែបន្តមាន ក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ហើយអាជ្ញាធរ មិនបានកាត់ទោស សមល្មម ចំពោះបទល្មើសសត្វព្រៃ ។
យោងតាមស្ថានទូត អាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា នៅសប្តាហ៍ នេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន សាយ សំអាល់ ដើម្បីពិភាក្សាពីកង្វល់ ដែលនៅតែមាន លើការបំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុសាកលលោក។
សូមបញ្ជាក់ថា អាមេរិកបានសម្រេចផ្ដាច់ជំនួយ ពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់ នៅតែបន្តមានក្នុងនិងជុំវិញ ដែនជម្រកសត្វព្រៃ នៅព្រៃឡង់ហើយអាជ្ញាធរ មិនបានកាត់ទោស សមល្មម ចំពោះបទល្មើសសត្វព្រៃ ។
យោងតាមសេចក្តី ថ្លែងការណ៍ របស់ស្ថានទូតអាមេរិក នៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិ ដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ អាមេរិកបានចំណាយថវិកាជាង១០០លានដុល្លារ លើកម្មវិធីមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំង នឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឆ្លើយតបទៅភាគី អាមេរិកវិញថា បទល្មើសធនធានធម្មជាតិ ទ្រង់ទ្រាយធំ ក្នុងតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់ និងតំបន់ការពារធម្មជាតិ ផ្សេងទៀត លែងកើតមានទៀត ហើយ គឺមានតែបទល្មើស ទ្រង់ទ្រាយតូចៗប៉ុណ្ណោះ ។
លោកបញ្ជាក់ថា «ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារ ធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ តែនៅមានបទល្មើស ទ្រុងទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភ ដែលនៅសេសសល់តិចតួច ដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាន និងកំពុងបន្តអនុវត្តច្បាប់ ដោយការទទួលខុសត្រូវ» ៕