ព័ត៌មានជាតិ

UNDP កៀរគរថវិកា ជាង៣២លានដុល្លារប្រើប្រាស់ដល់ឆ្នាំ២០២៥ ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន

ភ្នំពេញ ៖ អង្គការ UNDP បានកៀរគរថវិកា ចំនួន៣២,២៣១,៤១៩ដុល្លារដើម្បីទុកប្រើប្រាស់រហូតដល់ ឆ្នាំ២០២៥ ខាងមុខ ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារគ្រាប់មីន ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Nick Beresford តំណាង UNDP ចប់អាណត្តិ ប្រចាំនៅកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា UNDPបានចូលរួមចំណែកគាំទ្រដល់ ការងារអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះ វិស័យបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បន្ដថា UNDP បានកៀរគរថវិកាប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារផ្តោតលើខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្រោមការចូលរួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន ៖ UN អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង ក្នុងនោះ UNDP បានរួមចំណែកថវិកា ៦,០៧៩,៧៩៩ ដុល្លារដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានចាត់ទុក UNDP ជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីនដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា «ក្រោមជំនួយគាំទ្រខាងលើ និងក្រោមការសម្របសម្រួលរបស់ លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោកបានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២,២៣១,៤១៩ ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»៕

To Top