វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការោគសហរដ្ឋអាមេរិក (CDC)បានឲ្យដឹងកាលពីថ្ងៃពុធថា សេចក្តីរាយការណ៍ នៅទូទាំង សហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹង អំពីករណីបេះដូង ដែលបានកើតឡើង ចំនួនជាង១.២០០ករណី ក្រោយពីទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច សម្រាប់ពលរដ្ឋវ័យក្មេង ដែលទទួលការចាក់ថ្នាំវ៉ាក់សាំង mRNA ។
ក្រុមអ្នកជំនាញការមកពី CDC បានជួបប្រជុំគ្នា កាលពីថ្ងៃពុធ ដើម្បីឆ្លុះបញ្ចាំងទៅលើហានិភ័យនានា ដែលបង្កឲ្យមានបញ្ហាបេះដូងដោយកម្រទំាងនេះ ក្រោយពេលចាក់វ៉ាក់សាំង ដល់ក្រុមយុវវ័យរួច ។
ខាង CDC បានឲ្យដឹងថា សរុបទៅមានអ្នកមានបញ្ហាបេះដូង ចំនួន១.២២៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង សម្រាប់ពលរដ្ឋវ័យក្មេង ដែលទទួលបានការចាក់ថ្នាំ Pfizer ឬ Moderna កាលពីថ្ងៃទី១១ ខែមិថុនា ។
មានចំនួន២៦៧ករណីត្រូវ បានគេរាយការណ៍ បន្ទាប់ពីទទួលការចាក់ថ្នាំមួយកម្រិត mRNA និង៨២៧នាក់ បានត្រូវបានគេរាយការណ៍ បន្ទាប់ពីបានចាក់២កម្រិត ។ មានករណី១៣២ទៀត ដែលចំនួនចាក់ថ្នាំមិនដឹងកម្រិតច្បាស់ លាស់់នោះទេ ដែលបានបញ្ហាដូច្នេះដែរ ។
ក្នុងចំណោមករណីទាំងនេះ ៣០៩បានវិវត្តន៍រោគសញ្ញាឡើង និងបានសម្រាកនៅមន្ទីរពេទ្យ និង២៩៥នាក់បានចាកចេញពីមន្ទីរពេទ្យវិញ ។ ប្រមាណ៧៩ភាគរយក្នុង ចំណោមពួកគេបានជាសះស្បើយ ទាំងស្រុង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា