កម្ពុជាបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុនអូស្ត្រាលីឈ្មោះថា Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ។
កាលពីថ្ងៃ១០ មិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិ ដោយប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជាដែលអាចផលិតមាសសុទ្ធ បានចំនួន៣តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល៨ឆ្នាំដំបូង ដោយទទួលចំណូលពី១៨០ទៅ១៩០លានដុល្លារក្នុងមួយឆ្នាំៗ ៕
មេធាវីផ្ញើសារម្តងទៀត ទៅអ្នកបង្កើតបក្សថ្មី កុំបន្តយកឈ្មោះ លោក កឹម សុខាទៅប្រើ
ភ្នំពេញ ៖ លោក ចាន់ ចេន ក្នុងនាមជាមេធាវីមួយរូប មានភក្តីភាពស្មោះស្ម័គ្រ ជាមួយលោក កឹម សុខា បានផ្ញើសារជាថ្មីម្តងទៀត ទៅកាន់អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបាន បង្កើតគណបក្សថ្មី កុំបន្តយកឈ្មោះលោក កឹម សុខា ទៅប្រើប្រាស់នៅ ចំពោះមុខប្រជាពលរដ្ឋ ដើម្បីទាក់ទាញសំឡេងគាំទ្រ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ ចេន បានលើកឡើងថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀប នឹងបង្កើតបក្សថ្មី បានទៅដល់ ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើហើយម្បីសម្រេច បានមហិច្ឆតា របស់ក្រុមខ្លួន ក្រុមអស់លោកបាន និយាយបញ្ចុះបញ្ចូលអ្នកគាំទ្រ អតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោក កឹម សុខា ឲ្យបង្កើត ហើយលោក កឹម សុខា នៅពីក្រោយខ្នង ។
លោកមេធាវីបន្តថា “ដើម្បីកុំឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញ របស់អស់លោកទាំងអស់នោះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា ឯកឧត្តម កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយ ជាសាធារណៈជាច្រើនលើក ច្រើនសារ មកហើយថា ឯកឧត្តម កឹម សុខា មិនគាំទ្រក្រុមណាមួយឲ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នង ក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ” ។
លោកចាន់ ចេន បន្ថែមថា “សូមអស់លោកអ្នកនយោបាយ ដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនផ្លួកទឹក ផ្លួកដី ទៅហើយ សូមឈប់យកឈ្មោះឯកឧត្តម កឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរខ្លះផង”។
សូមបញ្ជាក់ថា ក្រោយពីការរំលាយគណបក្ស សង្រ្គោះជាតិ នាចុងឆ្នាំ២០២១៦មក គិតមកដល់ពេលនេះ មន្រ្តីដែលចេញពីអតីតគណបក្សប្រឆាំងមួយនេះ បានបង្កើតគណបក្សនយោបាយចំនួន៥ហើយ ។
បក្សទាំង៥នោះរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕
លោក ហង្ស ពុទ្ធា ៖ គ.ជ.ប នៅតែមានភាព ជាកណ្តាល សម្រាប់គណបក្សនយោបាយ
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប នៅតែស្ថិតជាចំណុចកណ្តាលសម្រាប់គ្រប់គណបក្សនយោបាយ គ្មានលំអៀងទេ ហើយអ្នកណាចង់និយាយអ្វីមិនល្អពីគ.ជ.បគឺពួកគេមិនដឹងច្បាស់លាស់ពីស្ថាប័នជាតិមួយនេះ ។
ការថ្លែងរបស់អ្នកនាំពាក្យនេះ ក្រោយបណ្តាគណបក្សមួយចំនួន និងអ្នកវិភាគបានរិះគន់លើ គ.ជ.បថា ស្ថាប័ននេះ នឹងលែងមានទុកចិត្ត បន្ទាប់ពីរំលាយអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសក្រោយលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ពីប្រធានគ.ជ.ប ហើយសមាសភាពថ្មីដែលចូលកាន់តំណែងនេះ មានប្រភពចេញមកពីគណបក្សប្រជាជនកម្ពុជា គឺលោក ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង។ គណបក្សផ្សេងទៀតក្រៅពីបក្សប្រជាជនអះអាងថា នឹងចូលរួមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានតម្លាភាពត្រឹមត្រូវឡើងវិញ ។
លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២១ មិថុនា ថា គ.ជ.ប ជាស្ថាប័នមួយដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងជាស្ថាប័នអនុវត្តទៅតាមច្បាប់ ។
លោកបន្តថា “អីចឹងគោលជំហររបស់គ.ជ.បគឺអនុវត្តច្បាប់ ។ គ.ជ.បស្ថិតនៅជាឯករាជ្យ និងស្ថិតនៅជាកណ្តាលរវាងគណបក្សនយោបាយទាំងអស់។ អីចឹងការវាយតម្លៃបែបណា តាមបែបបុរេវិនិច្ឆ័យ និងគិតជាមុននោះ មិនមែនជាភាពត្រឹមត្រូវទេ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៤ មិថុនា កន្លងមកនេះ លោក ស៊ិក ប៊ុនហុកប្រធានគ.ជ.បបានដាក់ពាក្យលាឈប់ពីប្រធានដោយសារមានជំងឺ ។ ក្រោយដាក់ពាក្យលាឈប់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏ប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធាន គ.ជ.ប ជំនួស ។
ជាលទ្ធផលកាលពី១៥ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។ បេក្ខជនមួយរូបនោះគឺលោក ប្រាជ្ញ ច័ន្ទ។
ចំពោះការជ្រើសរើសលោក ប្រាជ្ញ ច័ន្ទ ត្រូវបានលោក គឹម សុខ អ្នកវិភាគនយោបាយលើកឡើងក្នុងហ្វេសប៊ុកនាពេលថ្មីៗនេះថា “លោក ប្រាជ្ញ ចន្ទ ជាបុគ្គលមានប្រវត្តិអាស្រូវ ក្នុងប្រព័ន្ធដឹកនាំកន្លងមក ដូចជា កាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងកាលនៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែគណបក្សប្រជាជនរៀបចំលើកគាត់ឲ្យធ្វើប្រធាន គ.ជ.ប ព្រោះគាត់ជាមនុស្សស្ថិតនៅចំចំណុចកណ្ដាលនៃភាគីជម្លោះទាំងអស់ ក្នុងផ្ទៃក្នុងនៃគណបក្សប្រជាជន” ។
លោកថា លោក ប្រាជ្ញ ចន្ទ ត្រូវគណបក្សប្រជាជនរៀបបម្រុងទុកឲ្យជំនួសលោក ស៊ិក ប៊ុនហុក ក្នុងផែនការរៀបក្បួនថ្មី ដើម្បីគ្រប់គ្រង គ.ជ.ប តាំងពីក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ម្ល៉េះ។
លោក គឹម សុខ ផ្តល់ជាដំណោះស្រាយសម្រាប់សមាសភាពគ.ជ.បថា គឺប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះមហាក្សត្រ។ អនុប្រធាន ត្រូវជ្រើសតាំងដោយព្រឹទ្ធសភា។ សមាជិក១រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា ។ សមាជិក១រូប ត្រូវជ្រើសតាំងដោយរាជរដ្ឋាភិបាល។ គណបក្សនយោបាយនីមួយៗ ដែលមានសំឡេងក្នុងរដ្ឋសភា ត្រូវជ្រើសតាំងសមាជិក១រូប ជាតំណាងគណបក្ស១៕
ចិន ប្រកាសគាំទ្រកម្ពុជាមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងអុតក្តាម ដោយខ្លួនឯង
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្តាម ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។
យោងទៅលើភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅ រដ្ឋាភិបាលចិន តាមរយៈ លោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដើម្បីសុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា ជាការឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា ភាគីចិន បានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹក ចំនួន១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាម ចំនួន១០ម៉ឺនកម្រិត ជាលើកទី២។
លោក បញ្ជាក់ថា «សំខាន់ជាងនេះ ភាគីចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទៈចង់ផលិតវ៉ាក់សាំង ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះ ភាគីចិន នឹងចុះមកសិក្សាផ្ទាល់ក្រោយ ស្ថានភាពកូវីដ-១៩ បានល្អប្រសើរ»។
លោករដ្ឋមន្ដ្រី បន្ដថា ថ្នាំការពារ ដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យ គោ-ក្របី ជូនប្រជាកសិករ នៅតាមបណ្តាខេត្ត ដែលមានផ្ទុះជំងឺច្រើនជាងគេ ទាំង១២ខេត្ត រួមមាន ៖ ខេត្តព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។
សូមរំលឹកថា ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគឺជាភារកិច្ចរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ប៉ុន្តែដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេស ជាង៣លានក្បាល៕
ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យ បង្កើតគណបក្សបេះដូងជាតិ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា សមាសភាពនៃគណបក្សថ្មីនេះ ត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស។
ប៉ុន្តែទោះបីជាមានប្រភពច្បាស់ការណ៍បញ្ជាក់ថា លោក ថាច់ សេដ្ឋា ជាអ្នកផ្តើមគំនិតក៏ដោយ ក៏លោកបានបដិសេធថា មិនបានដឹងរឿងបង្កើតបក្សថ្មីនេះទេ ។ លោកថា ខ្លួនក៏បានឃើញតែនៅតាមបណ្តាញសារព័ត៌មាននានាចុះផ្សាយដែរ តែលោកខ្លួនឯងផ្ទាល់មិនដឹងអ្វីសោះ៕
លោក សុខ ឥសាន៖ សម្តេចតេជោ មិនជួបរដ្ឋមន្រ្តីការបរទេសអង់គ្លេស គឺពាក់ព័ន្ធសុខភាព មិនមែនដូចអ្នកវិភាគលើកឡើងថា គេចវេះទេ
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស របស់សម្តេចតជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាកិច្ចការពាក់ព័ន្ធនឹងសុខភាព ដែលសម្តេចត្រូវធ្វើចត្តាឡីស័ក មិនមែនដូចពាក្យរបស់ អ្នកវិភាគរត់ចោលស្រុកទេ” ។
លោក សុខ ឥសាន បានថ្លែងបន្តតាមបណ្តាញតេឡេក្រាម នាថ្ងៃយប់ថ្ងៃ២២ មិថុនាថា ទោះបីសម្តេចតេជោ មិនបានជួបផ្ទាល់ ក៏លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅតែមកបំពេញទស្សនកិច្ចនៅកម្ពុជាដដែល ហើយចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-អង់គ្លេស នៅតែរឹងមាំជាមួយគ្នាដដែល ។
ការថ្លែងរបស់លោក សុខ ឥសាន នេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន លើកឡើងដោយដាក់ការសង្ស័យថា មូលហេតុសម្តេចតេជោធ្វើចត្តាឡីស័ក ដើម្បីគេចវេះពីការជួប រដ្ឋមន្រ្តីការបរទេសអង់គ្លេសដែលមក ទស្សនកិច្ចនៅកម្ពុជានាថ្ងៃ២៣ មិថុនានេះ។ អ្នកវិភាគបន្តថា ជាពិសេសគេចពីការទាមទារ របស់សហគមន៍អន្តរជាតិដែលប្រកាន់ គោលការណ៍ប្រជាធិបតេយ្យ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីរក្សាអធិបតេយ្យភាពខ្លួនឯង ដូច្នេះទើបសម្តេចតេជោមិនហ៊ានប្រឈមនឹង ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសនោះទេ។ នេះជាការចេញផ្សាយរបស់សារព័ត៌មានខេមបូឌាដេលី (The Cambodia Daily) នាថ្ងៃ២២ មិថុនា។
សូមបញ្ជាក់ថា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជាហើយនាវេលាម៉ោង ៨យប់ ថ្ងៃ២២ មិថុនា ។ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសនឹង មានកិច្ចប្រជុំទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
លោក ដូមីនិក រ៉ាអាប់ ក៏នឹងមានជំនួបជាមួយលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅ ទស្សនាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ៕
តំណាង WHO ប្រចាំកម្ពុជា អះអាងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ ទៅរកការធ្វើតេស្ត រកអង់ទីគ័រ ការពារជំងឺកូវីដ១៩
ភ្នំពេញ ៖ តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា (WHO) ថ្លែងថា គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រ ក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំង ដែលកម្ពុជា កំពុងចាក់ជូនប្រជាពរដ្ឋ នាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាព ពិភពលោកទទួល ស្គាល់និងបាន ដាក់ចូលក្នុងបញ្ជី ប្រើប្រាស់បន្ទាន់ ក្នុងគ្រាអាសន្នរួចហើយ ។ នេះបើយោងតាម កាចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។
លោកស្រី លី អាយលែន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្ត រកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ គឺអង្គការ សុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ ដល់ប្រជាពលរដ្ឋ ឱ្យទៅទិញឧបករណ៍ ធ្វើតេស្តរកអង់ទីគ័រ នោះទេ ហើយឧបករណ៍ធ្វើតេស្ត រកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ ពីអង្គការ WHO ដែរ។
លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការ សុខភាពពិភពលោក ទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ក្នុងគ្រាអាសន្ន ។ ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកា ដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ ខណៈអ្វីដែលចាំបាច់ នៅក្នុងពេលនេះ គឺត្រូវទៅចាក់វ៉ាក់សាំង នឹងត្រូវអនុវត្តតាមវិធានការ សុខាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមក ដើម្បីការពារការចម្លងនៃជំងឺ ដ៏កាចសាហាវមួយនេះ ។
លោកស្រីបញ្ជាក់ថា « អង្គការសុខភាពពិភពលោក គឺមិនបានផ្ដល់អនុសាសន៍ទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងការប្រើប្រាស់នូវ ការធ្វើតេស្តរហ័ស ដើម្បីរុករកអង់ទីគ័រ ដែលបញ្ជាក់ ពីប្រព័ន្ធការពារ នៅក្នុងរាងកាយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។ មួយទៀតគឺថា រាល់វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធតែបានទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក ដែលហៅថាប្រើប្រាស់ នៅក្នុងបញ្ជី នៃការ ប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយសុទ្ធតែបានធ្វើការបញ្ជាក់តាម លក្ខណៈវិទ្យាសាស្រ្ត ហើយឆ្លងកាត់នូវការ សិក្សាជាច្រើនទាក់ទង ទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់ សាំងបានន័យថា រាល់វ៉ាក់សាំងដែល កំពុងប្រើប្រាស់គឺជាវ៉ាក់សាំង ដែលមានគុណភាព និងទទួលស្គាល់ ពីអង្គការសុខភាពពិភព លោកផងដែរ»។
គូរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវ យ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវ នាំគ្នាទៅធ្វើតេស្តរកអង់ទីគ័រ ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់ ឧបករណ៍តេស្តរហ័សខុសច្បាប់នេះ ជាដាច់ខាត និងត្រូវតែបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការ ពារដែលបានដាក់ ចេញដោយ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល ពីមួយម៉ែត្រកន្លះ ឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីការពារការចម្លងជំងឺ ដ៏កាចសាហាវកូវីដ-១៩៕
លោក សុខ ឥសាន ៖ កម្ពុជា គ្មានវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយរដ្ឋមន្រ្តីការបរទេស អង់គ្លេស អត់និយាយអ្វី
ភ្នំពេញ ៖ ក្រោយពេលលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តី ការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បំពេញទស្សនកិច្ច នៅកម្ពុជា ហើយបានជួបរដ្ឋមន្រ្តី ការបរទេសខ្មែរ លោក ប្រាក់ សុខុន គឺអត់បាននិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យកម្ពុជានោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បង្ហាញមោទកភាពថា កម្ពុជាគឺគ្មានឡើយនូវវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក្នុងតេឡេក្រាមនាថ្ងៃ២៤ មិថុនា លោក សុខ ឥសាន លើកឡើងថា “ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អង់គ្លេស អត់និយាយអីសោះ ពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ ម នុស្សនៅកម្ពុជា ដូច្នេះកម្ពុជា អត់មានវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិ បតេយ្យទេ ។
លោកថា ដូច្នេះសំឡេងអ្នកនិយាយ តាមវិទ្យុប្រតិកិរិយា គឺជាសំឡេងសិប្បនិម្មិតប៉ុណ្ណោះ ។
ក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេស អង់គ្លេស នាថ្ងៃ២៣ មិថុនា ភាគីទាំងគ្រាន់ តែបានឯកភាព ជំរុញលើកទឹកចិត្ត ដល់វិនិយោគិន អង់គ្លេស ឲ្យធ្វើការជ្រើសរើស យកកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណា ទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ ។
ចំពោះលោក ដូមីនិក រ៉ាអាប់ បានជួបលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានវិញ គឺអង់គ្លេសសន្យាជួយលើវិស័យបរិស្ថាន៕
លោក សយ សុភាព ប្រាប់អតីតមន្រ្តីអតីតបក្សប្រឆាំង នៅក្រៅប្រទេស ឈប់រិះគន់ វាយប្រហារដល់អ្នកបង្កើតបក្សថ្មី
ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទាំងក្នុងនិងក្រៅប្រទេសកំពុងបើកការវាយប្រហាររិះគន់ចំពោះមន្រ្តីមួយចំនួនដែលបានសុំសិទ្ធិធ្វើនយោបាយរួចហើយ មកបង្កើតបក្សថ្មីដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ ។ ករណីនេះ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឡើងថា សូមអ្នកនៅបរទេសទាំងឡាយគួរបញ្ឈប់សកម្មភាពរិះគន់ទៅ ។
លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៥ មិថុនា ដោយភ្ជាប់រូបភាពរបស់អតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិ បានឲ្យអ្នកគេចខ្លួនទៅក្រៅប្រទេសគួរសិក្សាប្រវត្តិសាស្ត្រ និងយល់ពីភូមិសាស្ត្រនយោបាយ បណ្តាសានយោបាយ។ លោកថា “កុំល្ងង់ខ្លៅដោយនិយាយមិនអៀនមាត់ថាខ្ញុំ ជាអ្នកនយោបាយរួចហើយឲ្យគេឯងហៅថា ឯកឧត្តម ឬ ជំទាវ ។ សូមអតីតអ្នកដែលត្រូវបានក្រុមនេះបោកបញ្ឆោតកន្លងមកយល់ ហើយជៀសឲ្យឆ្ងាយ។ បើគង់តែមិនផេះយកល្អពិចារណាគាំទ្ររដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន តែម្តងទៅ”។
លោក សយ សុភាពបានឲ្យពួកគាត់ចូរសាកល្បងពិចារណាម្តងមើលថា បើគ្មាន «២៩ ធ្នូ ១៩៩៨»នៃ នយោបាយ ឈ្នះ ឈ្នះទេ ក៏មិនអាចមានសមិទ្ធផលដូចសព្វថ្ងៃទេ ហើយជារបស់ខ្មែរមួយរយភាគរយ ។
លោកបន្តថា “យើងនឹងបញ្ចប់ការខ្វែងគំនិតគ្នាខាងនយោបាយ ប្រសិនបើយើងទទួលស្គាល់ការពិតថា២៩ ធ្នូ ១៩៩៨ ជាថ្ងៃបញ្ចប់ការបែងចែកទឹកដី ហើយគោរពរដ្ឋធម្មនុញ្ញតែមួយ” ។
ការថ្លែងរបស់លោក សយ សុភាពនេះ ក្រោយពីសារព័ត៌មាន The Cambodia dally ចេញផ្សាយកាលពីថ្ងៃ២៤ មិថុនាថា “អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) រិះគន់ថា អ្នកនយោបាយអាជីពរបស់បក្សប្រឆាំងមួយចំនួនបែរជានាំគ្នាទៅបង្កើតគណបក្សថ្មីផ្សេងពីគណបក្សសង្គ្រោះជាតិ ហើយមួយចំនួនទៀតកំពុងតែដើរកេណ្ឌពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យបោះបង់ចោលគណបក្សសង្គ្រោះជាតិ ដើម្បីទៅចូលរួមជាមួយពួកគេ” ។
សូមបញ្ជាក់ថា ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ នាចុងឆ្នាំ២០២១៦មក គិតមកដល់ពេលនេះ មន្រ្តីដែលចេញពីអតីតគណបក្សប្រឆាំងមួយនេះបានបង្កើតគណបក្សនយោបាយចំនួន៥ហើយ ។
បក្សទាំង៥នោះរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕