បរទេសទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទើបទទួលបានជោគជ័យក្នុងការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយ ពីទីតាំងបាញ់បង្ហោះយានអវកាស Plesetsk ស្ថិតនៅភាគពាយព្យនៃប្រទេស។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបថ្មីនេះ គឺត្រូវបានធ្វើឡើង នៅក្នុងពាក់កណ្ដាលខែមិថុនានេះ។
ប្រភពក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ីនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “នៅក្នុងពាក់កណ្ដាលនៃខែមិថុនា មីស៊ីលផ្លោងដ៏ពិសេសថ្មីបំផុត ដែលត្រូវបានអភិវឌ្ឍផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាទីក្រុងមូស្គូ Moscow Institute of Thermal Technology បានបាញ់តេស្តសាកល្បងយ៉ាងជោគជ័យ ចេញពីកន្លែងបាញ់បង្ហោះយានអាវកាស Plesetsk “។
គួរបញ្ជាក់ថា តាមដែលគេរាយការណ៍ពីមុននោះ វិទ្យាស្ថានបច្ចេកវិទ្យាកម្តៅមូស្គូ បានចាប់ផ្តើមធ្វើការអភិវឌ្ឍកំណែប្រែមីស៊ីលផ្លោងឆ្លងទ្វីបចល័តដ៏ទំនើប ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី៕ប្រែសម្រួល៖ប៉ាង កុង