Covid-19

កូវីដ ១៩! រដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់ កម្មករក្នុងវិស័យកាត់ដេរ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិត ផលធ្វើដំណើរ និងកាបូប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផល ធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង ៖

ទី១-បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ -និយោជិត ១ នាក់ (ជាសរុប កម្មករ និយោជិត ១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ)។

ទី២-បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត១នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។ សហ គ្រាសនិងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

ទី៣-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

ទី៤-បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃ បេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

និងទី៥-បន្តពន្យារការចាប់ផ្ដើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនៈ រយៈពេល៦ខែបន្តទៀត គឺរហូត ដល់ដំណាច់ ខែ ធ្នូ ឆ្នាំ ២០២១។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង៕

To Top