ព័ត៌មានជាតិ

តំណាងលោក រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំនូវគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភគាំទ្រ​ ដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាន ស្រុកពញាឮ

ភ្នំពេញ ៖ រសៀលថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាពទាប នៅក្នុងមូលដ្ឋាន ស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ១.៦៣៦ គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ចំនួន ២៥ គីឡូក្រាម, ទឹកត្រី ទឹកស៊ីអីវ ចំនួន ០១ យួរ, ត្រីខ ចំនួន ០១ យួរ និងមីចំនួន ០១ កេសតូច ។

សូមជម្រាបជូនថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺកូវីត-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពួកគាត់ ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ និងបានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកពញាឮ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល ម៉ាស់ និងឧបករណ៍តេស្តរហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ ដែលកំពុងរីករាលដាលកាន់តែច្រើន ។

ជាមួយនឹងការឆ្លងរាតត្បាត នៃជំងឺកូវីត-១៩ ដែលបង្កឡើង ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះផងដែរគ្រប់មណ្ឌលចត្តាឡីស័កទាំងអស់ នៅក្នុងស្រុកពញាឮ ត្រូវបានប្រែក្លាយទៅជាកន្លែង សម្រាប់ព្យាបាលអ្នកជម្ងឺកូវីត-១៩ កម្រិតស្រាល ដោយបានទទួលព្យាបាល អ្នកជម្ងឺសរុបមានចំនួន ៨៧៨ នាក់ (ជាសះស្បើយចំនួន ៧៨៨ នាក់) ក្នុងនោះមានអ្នកស្លាប់ចំនួន ០៩ នាក់ ហើយបច្ចុប្បន្ន បាន និងកំពុងទទួលព្យាបាលអ្នកជម្ងឺចំនួន ៩០ នាក់ ។ក្រៅពីនោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ មានចំនួនប្រមាណ ១.០៧៤ នាក់ទៀត ៕

To Top