ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់ជូនសេវាបង់សងប្រាក់កម្ចី ដោយមិនគិតថ្លៃសេវា។
ប្រូម៉ូសិនដែលផ្តល់ជូន ការលើកលែងថ្លៃសេវាជាមួយ ហ្វូណន នេះ មានសុពលភាព ចំពោះអតិថិជនដែលបង់សងប្រាក់កម្ចីជូន ហ្វូណន តាមរយៈភ្នាក់ងារ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូនសេវាដោយមិនគិតថ្លៃសេវានេះមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។
លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែងថា៖ “នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនរបស់ ហ្វូណន។ ហ្វូណន ចាំបាច់ត្រូវពង្រីកបណ្តាញនានា ដើម្បីបម្រើសេវាជូនដល់អតិថិជនរបស់ខ្លួននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាពិសេស វាធ្វើឱ្យអតិថិជនរបស់យើង កាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ ដូចដែល ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃនេះអ៊ីចឹង”។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងរួមគ្នាមួយដោយ ហ្វូណន និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន តាមរយៈការកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើរទៅកាន់សាខារបស់ ហ្វូណន។ យុទ្ធនាការនេះក៏មានបំណង ពង្រីកម៉ោងធ្វើការផងដែរ ដែលក្នុងអំឡុងពេលនេះ អតិថិជនអាចធ្វើការទូទាត់ការចំណាយ និងការបង់សងប្រាក់កម្ចីជូន ហ្វូណន។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់បង្កើតការទុកចិត្ត និងស្គាល់ភ្នាក់ងារទ្រូម៉ាន់នីនៅក្នុងមូលដ្ឋានរបស់ពួកគេច្បាស់។ តាមរយៈការបន្ថែមសេវាទូទាត់ការចំណាយ និងបង់សងប្រាក់កម្ចីបែបនេះ តាមបណ្តាញភ្នាក់ងារដ៏ធំរបស់យើង យើងកំពុងផ្តល់ជូនសេវាមួយ ទៅកាន់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំងអ្នកប្រើប្រាស់របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់របស់យើងផងដែរ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារ ជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ៕