ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្ដការប្រុងប្រយ័ត្នប ន្ថែមទៀត ចំពោះហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថានាពេលកន្លងមក មានប្រជាពល រដ្ឋមួយចំនួន បានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយ ស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ ជាដើម។
ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពី កម្ចីអនឡាញខុសច្បាប់ ដូចជា ៖
ទី១-ជនខិលខូចអាចនឹង ប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនី អ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)។
ទី២-ជនខិលខូចអាចប្រើប្រាស់ លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនី អ៊ីនធឺណិតរបស់អ្នក។
ទី៣-ជនខិលខូចអាចប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់អ្នកដើម្បីស្នើសុំកម្ចីពីភាគីទី៣។
ទី៤-កម្ចីខុសច្បាប់មួយចំនួន នឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត។
និងទី៥-ជនខិលខូចអាចនឹងបង្ហោះព័ត៌មាន របស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។
នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបញ្ជាក់ថា «សូមធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាងអត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ»៕