ព័ត៌មានជាតិ

ចិន ផ្ដល់ជំនួយ ឥតសំណង២,៥ លានដុល្លារ សម្រាប់បោសសំអាត គ្រាប់មីន នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ឥតសំណងចំនួន ២,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ ពីសង្គ្រាមនៅកម្ពុជា ។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឃមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា «សូមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានសម្រេចផ្តល់ជំនួយ ឥតសំណងចំនួន២,៥ លានដុល្លារ (ពីរលាន៥សែនដុល្លារអាមេរិក) ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២២»។

លោកបន្ដថា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់ចំនួន២,៥០០,០០០ ដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។

សូមជម្រាបថា គម្រោងនេះ មានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដី ចំការមីន និងចំការសំណល់ជាតិ ផ្ទុះពីសង្គ្រាម ជាង១៧០០ហិកតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ចំនួន៧ខេត្ត ។

សូមបញ្ជាក់ថា លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២១នេះ គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីន នៅកម្ពុជាដែលបានផ្តល់ជំនួយឥត សំណងនេះ បានរំដោះដីចំការមីន/គ្រាប់ សំណល់ជាតិផ្ទុះចំនួន ជិត១០៨៣ហិកតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ជាង៥០០០គ្រាប់ ៕

To Top