ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី គ្រោងបើកកិច្ចពិភាក្សា ស្ដីពីការគ្រប់គ្រងអាវុធ នៅសប្ដាហ៍ក្រោយ

វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងបើកកិច្ចពិភាក្សា ស្ថេរភាពយុទ្ធសាស្ត្រមួយ នៅថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហ្សឺណែវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានឱ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងដឹកនាំការចូលរួម របស់គណៈប្រតិភូសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សា ដែលចូលរួម ដោយអនុរដ្ឋលេខាធិការ សម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឯកភាពគ្នានៅឯកិច្ចប្រជុំកំពូល លើកដំបូងរបស់មេដឹកនាំទាំងពីរ នៅទីក្រុងហ្សឺណែវ កាលពីខែមិថុនា ដើម្បីបើកកិច្ចពិភាក្សា ដើម្បីចាក់គ្រឹះ សម្រាប់ការគ្រប់គ្រងអាវុធ នាពេលអនាគត និងវិធានការកាត់បន្ថយហានិភ័យ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នៅខែកុម្ភៈកន្លងទៅនេះ បានបន្ថែមសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រថ្មី (NEW START) រយៈពេល ៥ ឆ្នាំ ដល់ឆ្នាំ ២០២៦។ វាគឺជាកតិកាសញ្ញាត្រួតពិនិត្យ អាវុធនុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយជាធរមាន រវាងប្រទេសមហាអំណាច នុយក្លេអ៊ែរទាំងពីរ៕​ ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top