ព័ត៌មានជាតិ

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

ភ្នំពេញ​ ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានឱ្យដឹងថា​ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១​ ប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព​ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ គ.ជ.ប​ បានបញ្ជាក់ថា​ ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការ​ សរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។

សូមរំលឹកថា​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

To Top