ព័ត៌មានជាតិ

វិភាគ ៖ អ្នកវិទ្យាសាស្ត្រ ខ្វែងគំនិតគ្នា ក្នុងរឿង ចាក់វ៉ាក់សាំងលាយគ្នា ឬចាក់ដូសទី៣

បច្ចុប្បន្នភាព

ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ ផ្នែកជំងឺឆ្លង នៅទូទាំងពិភពលោក រួមទាំងអ្នកជំនាញ របស់អង្គការសុខភាព ពិភពលោកផងដែរ នៅតែខ្វែងគំនិតគ្នា ក្នុងរឿងចាក់វ៉ាក់សាំង បង្ការវីរុស Covid-19 របស់ក្រុមហ៊ុន ២លាយបញ្ចូលគ្នា ឬចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មី ។

ការខ្វែងគំនិតគ្នានេះ នៅមិនទាន់ដាច់ស្រេច នៅឡើយទេ ដោយប្រទេសខ្លះ មានដូចជាសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ប្រទេសថៃ រួមទាំងប្រទេសមួយ ចំនួនទៀត នៅតែមានចេតនាចង់ចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន២បញ្ចូលគ្នា ឬចាក់វ៉ាក់សាំងដូសទី៣ ដើម្បីការពារការឆ្លងវីរុស Covid-19 បម្លែងខ្លួនថ្មី ។

សូមបញ្ជាក់ជូនថា វីរុសCovid-19 មានវត្តមាននៅលើភពផែនដីអស់ រយៈពេលជិត២ឆ្នាំហើយ ដោយក្រុមអាជ្ញាធរសុខាភិបាល​ របស់ប្រទេសចិន បានប្រកាសជាផ្លូវការ ពីវត្តមានវីរុសនេះ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ខណៈដែលវីរុសនេះបានផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី ប្រទេសចិន ។

ក្រោយពីបានឆ្លងរាលដាល នៅប្រទេសចិន វីរុស Covid-19 បានឆ្លងរាតត្បាតក្នុងល្បឿនយ៉ាងលឿន ទៅកាន់ប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក ដែលបណ្តាលអោយមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងប៉ះពាល់ដល់ទំនាក់ រវាងប្រជាពលរដ្ឋ រួមទាំងទំនាក់ប្រទេស និងតំបន់ផងដែរ ។

ប្រភពពី Worldometer គិតត្រឹមថ្ងៃអាទិត្យ ទី២៥ ខែកក្កដានេះ វីរុសCovid-19 បានឆ្លងរាលដាល ទៅកាន់ប្រទេស និងតំបន់ចំនួន ២២២នៅទូទាំងពិភពលោក និងបានឆ្លងទៅមនុស្ស ប្រមាណជាង ១៩៤ ១៥៧ ០០០នាក់ សម្លាប់មនុស្ស អស់ប្រមាណជាង ៤ ១៦២ ៨០០នាក់ និងមនុស្សប្រមាណជាង ១៧៦ ២៣២ ៣០០នាក់ បានជាសះស្បើយពីវីរុសនេះ ។

ក្រោយពីទទួលផលប៉ះពាល់ និងមិនអាចគ្រប់គ្រងការឆ្លងរាលដាល វីរុសCovid-19 បាន ពិភពលោកមានក្តីសង្ឃឹម តែ១គត់ ក្នុងការកាត់បន្ថយការឆ្លង រាលដាលវីរុសនេះគឺការស្រាវជ្រាវរកវ៉ាក់សាំងដើម្បីចាក់បង្ការវីរុសនេះ ហើយមិនយូរប៉ុន្មាន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ វ៉ាក់សាំងបង្ការវីរុសCovid-19 បានលេចចេញ ជារូបរាងនៅលើពិភពលោក ។

ក្នុងពេលប្រហាក់ប្រហែលគ្នានោះ ប្រទេស៤នៅលើពិភពលោក ដែលបានស្រាវជ្រាវរកឃើញវ៉ាក់សាំង បង្ការវីរុសCovid-19 គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសចិន និង ប្រទេសរុស្ស៊ី ហើយប្រទេសទាំង៤ ចាប់ផ្តើមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ របស់ខ្លួន រួមទាំងលក់ ជូនប្រទេសផ្សេងទៀត នៅលើពិភពលោក ហើយប្រតិបត្តិការចាក់វ៉ាក់សាំង បង្ការវីរុស Covid-19 បានចាប់ផ្តើម រហូតដល់ពេលបច្ចុប្បន្ននេះ ។

ប្រទេសទាំង៤ ដែលមានវ៉ាក់សាំងបង្ការវីរុស Covid-19នោះ សហរដ្ឋអាមេរិកមាន៣ក្រុមហ៊ុន គឺ Pfizer, Moderna និង Johnson &Johnson ប្រទេសចិនមាន២ ក្រុមហ៊ុន គឺ Sinopharm និង Sinovac អង់គ្លេស មាន១ AstraZeneca និងប្រទេសរុស្ស៊ីមាន១ Sputnik-V ដែលវ៉ាក់សាំង របស់ប្រទេសទាំង ៤ខាងលើនេះ កំពុងចរាចរ នៅទូទាំងពិភពលោក ។

សូមបញ្ជាក់ជូនថា វ៉ាក់សាំងបង្ការវីរុសCovid-19 របស់ប្រទេសទាំង៤ ខាងលើនេះ ត្រូវបានស្រាវជ្រាវ ទៅតាមលំអាននៃវីរុស ដែលបានផ្ទុះឡើង នៅប្រទេសចិន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានវីរុសCovid-19 បម្លែងខ្លួនថ្មីចំនួន៥ប្រភេទ ដែលអាចកាត់បន្ថយ ប្រសិទ្ធភាពរបស់វ៉ាក់សាំង ទាំងអស់នៅលើពិភពលោក ។

វីរុសCovid-19បម្លែងខ្លួនថ្មីទាំង៥ប្រភេទនេះ គឺ Delta និង Delta plus ត្រូវបានរកឃើញ នៅប្រទេសឥណ្ឌា ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ,Alpha រកឃើញនៅចក្រភព អង់គ្លេស កាលពីខែកុម្ភៈ ,Beta រកឃើញនៅអាហ្វ្រិកខាងត្បូង កាលពីខែមករា ឆ្នាំ២០២០ និង Gamma ត្រូវបានរកឃើញ នៅប្រទេសប្រេស៊ីល ក្នុងអំឡុងខែមករា ឆ្នាំ២០២០ដែរ ។

គិតត្រឹមថ្ងៃអាទិត្យ ទី២៥ ខែកក្កដានេះ វីរុសCovid-19 បម្លែងខ្លួនថ្មី Delta បានឆ្លងរាលដាលដល់ ១២៤ប្រទេស, Alpha បានឆ្លងទៅដល់ ១៨១ប្រទេស, Beta បានឆ្លងទៅដល់ ១៣០ប្រទេស និងវីរុសCovid-19 បម្លែងខ្លួនថ្មី Gamma បានឆ្លងរាលដាលទៅដល់៧៨ប្រទេស ដែលការឆ្លងថ្មី ៧៥%នៅពេលបច្ចុប្បន្ននេះ គឺជាវីរុសCovid-19បម្លែងខ្លួនថ្មីទាំង៥ប្រភេទនេះ ។

ចំពោះវ៉ាក់សាំងបង្ការវីរុស Covid-19ទាំង៧ក្រុមហ៊ុននេះ គឺមានតែវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក, ក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Sinopharm និង Sinovac របស់ប្រទេស ចិន ដែលបានបញ្ជាក់ពីប្រសិទ្ធភាព វ៉ាក់សាំងរបស់ខ្លួនក្នុង ការទប់ស្កាត់ការឆ្លង វីរុសCovid-19បម្លែងខ្លួនថ្មីនោះ ។

វ៉ាក់សាំង AstraZeneca និងPfizer ១ដូស អាចទប់ស្កាត់ការឆ្លងវីរុសCovid-19 បម្លែងខ្លួនថ្មី Delta បានបាន៣៣% និងទប់ស្កាត់ការឆ្លងវីរុសCovid-19 បម្លែងខ្លួនថ្មី Alpha បាន៦៦% ប៉ុន្តែបើចាក់២ដូស អាចទប់ស្កាត់ការឆ្លងវីរុស Covid-19បម្លែងថ្មី Delta បាន៨៨% និងទប់ស្កាត់ Alpha បាន៩៣% ហើយក្រុមហ៊ុនទាំង២ របស់ប្រទេសចិន គឺ Sinopharm និង Sinovac មិនបានបញ្ជាក់ពីភាគរយ នៃការទប់ស្កាត់ការឆ្លងរាលដាល វីរុសCovid-19 បម្លែងខ្លួនថ្មីនោះទេ ដោយគ្រាន់តែលើកឡើងថា វ៉ាក់សាំងនេះ អាចទប់ស្កាត់វីរុសបម្លែងខ្លួនថ្មីបាន ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំ អោយប្រទេសមួយ ចំនួនចង់ ចាក់វ៉ាក់សាំង បង្ការវីរុសCovid-19 របស់ក្រុមហ៊ុន ២លាយបញ្ចូលគ្នា ឬចាក់វ៉ាក់សាំង ដូសទី៣នេះ ដោយសារក្រុមហ៊ុន អាមេរិក Pfizer និងក្រុមហ៊ុន អង់គ្លេស AstraZeneca បានអោយដឹងថា វ៉ាក់សាំង បង្ការវីរុស Covid-19 របស់ខ្លួន អាចទប់ស្កាត់ការឆ្លង វីរុសបម្លែងខ្លួនថ្មី បាន ប្រសិនបើចាក់ដូសទី៣ ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេស របស់អង្គការសុខភាពពិភពលោក បាននិយាយថា ការចាក់វ៉ាក់សាំងបង្ការ វីរុសCovid-19 ២ក្រុមហ៊ុន លាយបញ្ចូលគ្នា និងការចាក់វ៉ាក់សាំងដូសទី៣ មិនមែនជានិយាម នៃការពិសោធន៍ឆ្លងកាត់ការ សាកល្បងរបស់ក្រុមហ៊ុន ផលិតវ៉ាក់សាំងនោះទេ ។

លោកស្រី Maria Van Kerkhove បានបន្ថែមថា ការចាក់វ៉ាក់សាំង បង្ការវីរុស Covid-19 ត្រូវតែធ្វើទៅតាមការសាកល្បង ៣ ដំណាក់កាលរបស់ក្រុមហ៊ុន ផលិតវ៉ាក់សាំងនីមួយៗ ដោយការចាក់ វ៉ាក់សាំង២ក្រុមហ៊ុនលាយបញ្ចូលគ្នា និងការចាក់វ៉ាក់ សាំងដូសទី៣ អាចមានគ្រោះថ្នាក់ដល់អ្នកទទួល ដែលអ្នកវិទ្យាសាស្ត្រត្រូវការ ពេលវេលាសិក្សាបន្តទៀត ៕
ដោយ ៖ អ៊ី ជិន

To Top