បរទេស ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មកពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ ជួបគ្នាក្នុងប្រទេសស្វីស នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា អំពីស្ថិរភាពនុយក្លេអ៊ែ យុទ្ធសាស្ត្រ ក្រោយរយៈពេលជាងមួយ ខែបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានជួបគ្នានៅស្វីសជាលើកដំបូង ។
កិច្ចពិភាក្សាគ្នា នៅថ្ងៃពុធនោះ គឺជាជំនួបគ្នា បែបនេះដំបូង នៅក្នុងឆ្នាំនេះ ហើយលោក ចូ បៃដិន និងលោក វ្លាឌីមៀរ ពូទីន ក៏បានជួបធ្លាប់គ្នាអស់ រយៈជា ច្រើនម៉ោង នៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីពិភាក្សាគ្នាពីប្រធាបទជាច្រើន ដែលរួមបញ្ចូលទាំងសន្តិសុខ នុយក្លេអ៊ែផងដែរ ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov កំពុងតែដឹកនាំជំនួបគ្នានៅក្នុងទីក្រុងហ្សឺណែវ នាពេលបច្ចុប្បន្ននេះ។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក និងលោកអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នៅក្នុងចំណោមបញ្ហាដទៃទៀត ជាច្រើននោះ នឹងលើកយកមកពិភាក្សាគ្នា អំពីបញ្ហាគ្រប់គ្រងអាវុធ ការវាយប្រហារ តាមអ៊ីនធឺណេត និងបញ្ហាអ៊ុយក្រែន ៕ ប្រែសម្រួល៖ប៉ាង កុង