កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យឃ្លាំងចំនួន៣ កន្លែងក្នុងស្រុក-ក្រុងចំនួន៣ ដើម្បីធ្វើមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែម ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ។
ឃ្លាំងទាំង ៣កន្លែងដែលអាជ្ញាធរខេត្ត បានចុះពិនិត្យនោះមាន ៖ ១កន្លែង នៅក្នុងក្រុងកំពង់ចាម ,១កន្លែង នៅស្រុកកងមាស និង១កន្លែងទៀត នៅក្នុងស្រុកកំពង់សៀម ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចំណុចទី១ ឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ ។ ចំណុចទី ២ ឃ្លាំងនៅក្នុងស្រុកកងមាស និងធ្វើជាមណ្ឌលចត្តាឡីស័ក និងអាចដាក់ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ផងដែរ ។ ដោយឡែក ឃ្លាំងនៅចំណុចទី៣ ស្ថិតក្នុងស្រុកកំពង់សៀម ឃ្លាំងនោះត្រៀមរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់ផងដែរ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងផងដែរថា ចាប់តាំងពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.៨៩០ករណី ស្រី ២.៤៨៥នាក់ ជាសះស្បើយ ២.៩៣៧នាក់ ស្រី ១.៩៩៨នាក់ និងករណីស្លាប់ ៨៩នាក់ ស្រី ៦០នាក់ ។ បច្ចុប្បន្ន អ្នកឆ្លង និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៦៤នាក់ ៕