Covid-19

ខេត្តកំពង់ចាម ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនកុមារមានអាយុក្រោម ១៨ឆ្នាំ មក១២ឆ្នាំ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម បាន បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ឆ្នាំ រហូតដល់វ័យជំទង់អាយុ ១៨ឆ្នាំ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃយុទ្ធនាការដំបូង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារចាប់ពីអាយុ ១២ ឆ្នាំ រហូតដល់វ័យជំទង់អាយុ ១៨ឆ្នាំ ដោយយុទ្ធនាការនេះ ចាប់ធ្វើទូទាំងខេត្តកំពង់ចាមតែម្ដង ដែលមានគោលដៅសរុបចំនួន ២៦គោលដៅ និងក្នុងផែនការ មានកុមារមានអាយុក្រោម ១៨ឆ្នាំ មក ១២ឆ្នាំ សរុបប្រមាណជា ១២ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សាំងជូនពួកគាត់ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមាររួចរាល់ អាជ្ញាធរខេត្តបានគិតគូរ រៀបចំបើកសាលារៀនឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តនិងធ្វើការផ្ទេរមណ្ឌលចត្តាឡីស័ក ពីសាលារៀនទៅកន្លែងផ្សេង ដែលអាជ្ញាធរខេត្តបានរៀបចំ សម្រាប់ដាក់ពលករមកពីក្រៅប្រទេសឱ្យធ្វើចត្តាឡីស័ក។ ចំណែកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាជ្ញាធរខេត្តនិងរៀបចំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោមការគ្រប់គ្រងនិងរៀបចំ ចាត់ចែងតាមវិធានសុខាភិបាល ដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ។

To Top