ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវ ឲ្យអង្គការប្រទេស នាំចេញប្រេង OPEC បង្កើនការផលិតប្រេង

បរទេស៖ សេតវិមាន នឹងស្នើឲ្យអង្គការ OPEC និងសម្ពន្ធមិត្តផលិតប្រេង របស់ខ្លួន ធ្វើការបង្កើនការផលិត នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងតម្លៃប្រេងសាំង ឡើងខ្ពស់ ស្របពេលមានក្តីព្រួយបារម្ភថា អតិផរណាកើនឡើង អាចនឹងឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចដែលងើបឡើងវិញ ពីជម្ងឺកូវីដ១៩។

ក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយជាមួយតំណាងនានា មកពីប្រទេសអារ៉ាប៊ីសាអូឌីត ជាមេដឹកនាំអង្គការ OPEC នៅក្នុងសប្ដាហ៍នេះ ក៏ដូចជាតំណាងនានា មកពីសហភាពអារ៉ាប់រួម និងបណ្ដាលប្រទេសសមាជិក OPEC+ ដទៃទៀតផងដែរ។

សេតវិមានបាននិយាយថា កិច្ចព្រមព្រៀងបង្កើនផលិតកម្មមួយថ្ងៃ៤០០.០០០បារ៉ែលកាលពីខែកក្កដារបស់ក្រុមនេះ ដោយផ្អែកលើមូលដ្ឋានប្រចាំខែ ចាប់ផ្តើមនៅក្នុងខែសីហា និងប្រព្រឹត្តទៅរហូតដល់ក្នុងឆ្នាំ២០២២នោះ គឺនៅមិនគ្រប់គ្រាន់នោះទេ នៅក្នុងអំឡុងពេលវេលាដ៏សំខាន់ ដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែចូលរួមជាមួយសមាជិកអង្គការ OPEC+ ស្តីពីសារៈសំខាន់នៃទីផ្សារប្រកួតប្រជែងក្នុងការកំណត់តម្លៃ ហើយទីផ្សារថាមពលមានការប្រកួតប្រជែង នឹងធានាដល់ការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាននិងមានស្ថិរភាព ហើយអង្គការ OPEC+ ត្រូវតែធ្វើបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច”៕

ប្រែសម្រួល៖ប៉ាង កុង

To Top