ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ធ្វើទស្សនកិច្ចប្រទេសម៉ារ៉ុក ជាលើកដំបូង តាំងពីប្រសើរឡើង ក្នុងចំណងមិត្តភាព

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីស្រាអែល លោក Yair Lapid តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក ដែលនេះនឹងជាដំណើរទស្សនកិច្ច លើកដំបូង ធ្វើឡើងដោយមន្ត្រីការទូតកំពូល របស់អ៊ីស្រាអែល ចាប់តាំងពីប្រទេសទាំងពីរ បានធ្វើឲ្យចំណងមិត្តភាពប្រសើរឡើង កាលពីឆ្នាំមិញ។

កាលពីខែធ្នូ ប្រទេសអ៊ីស្រាអែលនិងប្រទេសម៉ារ៉ុក បានព្រមព្រៀងគ្នាបន្តឡើងវិញ នូវចំណងមិត្តភាពការទូត និងចាប់ផ្តើមសារជាថ្មី នូវជើងហោះហើរយន្តហោះដោយត្រង់ ក្រោមកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នៅមុនដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក Yair Lapid បានមានប្រសាសន៍យ៉ាងដូច្នេះថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ គឺជាការបន្តមិត្តភាពយូរអង្វែង និងជាការចាក់ឫសដ៏ជ្រៅនៃទំនៀមទម្លាប់ ដែលសហគមន៍ជ្វីហ្វ នៅក្នុងប្រទេសម៉ារ៉ុក និងសហគមន៍ធំ របស់អ៊ីស្រាអែល មានប្រភពក្នុងប្រទេសម៉ារ៉ុកមាន។

គួរបញ្ជាក់ថា ប្រទេសម៉ារ៉ុក គឺជាប្រទេសមួយក្នុងចំណោមប្រទេស អារ៉ាប់ចំនួន៤ រួមមានសហភាពអារ៉ាប់រួម បារ៉ែន និងស៊ូដង់ផង ដែលបានព្រមព្រៀង បង្កើតចំណងមិត្តភាពប្រក្រតី ជាមួយអ៊ីស្រាអែល កាលពីឆ្នាំមិញ ក្រោមកិច្ចព្រមព្រៀង គាំទ្រដោយអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង

To Top