ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជា

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់សាំង ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តចិន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ឲ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក។

បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន ៤ប្រភេទចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៊ីណូហ្វាម ស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,៥១៩,៧១៤នាក់៕

To Top