បរទេស៖ អ្នកការទូតបស្ចិមប្រទេសភាគច្រើន បានចាកចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយសារទីក្រុងនេះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់តាលីបង់។ មន្រ្តីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា គាត់អាចបញ្ជាក់ថា បុគ្គលិកការទូតភាគខាងលិចភាគច្រើន បានចាកចេញពីរដ្ឋធានីអាហ្វហ្គានីស្ថានរួចហើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ការជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ទៅកាន់អាកាសយានដ្ឋានកាប៊ុល ក៏ត្រូវបានបញ្ចប់ទាំងស្រុងផងដែរ។ Sputnik បានផ្សាយថា កងទ័ពអាមេរិកត្រូវបានគេរាយការណ៍ថា បានបាញ់ទៅលើអាកាស`ខណៈដែលហ្វូងមនុស្សបានទៅដល់ Tarmac នៅអាកាសយានដ្ឋានកាប៊ុល។
នៅពេលដែលក្រុមតាលីបង់បានដណ្តើមយកទីក្រុងធំបំផុតរបស់អាហ្វហ្កានីស្ថាន គឺមានប្រទេសជាង ៦០ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបបាននិយាយថា ពលរដ្ឋបរទេសនិងជនជាតិអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីអាហ្វហ្គានីស្ថាន ត្រូវតែមានឱកាសធ្វើវាដោយសុវត្ថិភាព។
ជាមួយគ្នានេះដែរ មន្ទីរបញ្ចកោណបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដែលបានចាប់ផ្តើមដំណើរការជើង ហោះហើរពាណិជ្ជកម្មឡើងវិញនោះ គឺបានផ្អាកវិញ ដោយសារការវាយដណ្តើមកាន់កាប់ទីក្រុងដោយក្រុមសកម្មប្រយុទ្ធតាលីបង់។
ក្រុមតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុលដោយគ្មានការប្រយុទ្ធគ្នានៅថ្ងៃអាទិត្យទី ១៥ ខែសីហា ដែលជំរុញ ឲ្យ ប្រធានាធិបតីលោក Ashraf Ghani ចុះចេញពីតំណែងហើយត្រូវបានគេរាយការណ៍ថា ចាកចេញពីប្រទេស។ ក្រោយមកលោក Ashraf Ghani បានប្រកាសថាការសម្រេចចិត្តរបស់លោកត្រូវបានកំណត់ ដោយបំណងប្រាថ្នាដើម្បីទប់ស្កាត់អំពើហឹង្សា ខណៈក្រុមសកម្មប្រយុទ្ធបានត្រៀមខ្លួន រួចជាស្រេចដើម្បីធ្វើការវាយប្រហារលើរដ្ឋធានី៕
ប្រែសម្រួលៈ ណៃ តុលា