ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ (JICA) ដែលគាំទ្រគម្រោងសិក្សាលទ្ធភាព សាងសង់ចំណតកំពង់ផែកុងតឺន័រថ្មី ជម្រៅ១៤ម៉ែត្រកន្លះ នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាចឲ្យនាវា ចំនួន៩៣% នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលចតបាន ។
ក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ (JICA) ដែលបានគាំទ្រ ដល់គម្រោងសិក្សាលទ្ធភាពសាងសង់ ចំណត កំពង់ផែ កុងតឺន័រថ្មីជម្រៅ១៤ម៉ែត្រកន្លះ នៅកំពង់ផែ ក្រុងព្រះសីហនុ ដែលអាចអនុញ្ញាត ឲ្យនាវាចំនួន៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន” ។
ក្នុងនោះ លោករដ្ឋមន្រ្តី ក៏បានលើកពីគម្រោងពង្រីកសមត្ថភាព កំពង់ផែ មួយចំនួនទៀតរួមមាន ៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង នៃការដឹកជញ្ជូនតាមផ្លូវទឹក»។
លោកក៏បានកោតសរសើរ យ៉ាងជ្រាលជ្រៅ ដល់ក្រុម ការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍន៍ នានាដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង ។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងដែរថា ក្រសួង បាននិងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅ ខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ ក្នុងខែកញ្ញា ឆ្នាំ២០២២ ។
ដោយឡែកទាក់ទងការដឹកជញ្ជូនផ្លូវដែកវិញ លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំ នៃការដឹក ជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ៕