ព័ត៌មានអន្តរជាតិ

ប្រជាជនអាហ្វហ្គានីស្ថាន ប៉ះទង្គិចគ្នាជាមួយពួកតាលីបង់ ស្របពេលលោក បៃដិន ប្តេជ្ញាជម្លៀសពលរដ្ឋអាមេរិកចេញ

បរទេស៖ សម្រាប់ជាថ្ងៃទី២ ក្រុមអ្នកតវ៉ាបាននាំគ្នាដើរដង្ហែក្បួនៅតាមដងផ្លូវ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្ហាញពីការមិនពេញចិត្ត ចំពោះការកាន់កាប់អំណាចភ្លាមៗ បស់ពួកតាលីបង់ ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា កងទ័ពអាមេរិក អាចនឹងប្រចាំការក្នុងប្រទេសនោះ រហូតជនជាតិអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

ក្រុមមន្ត្រី បាននិយាយប្រាប់ថា មនុស្សមួយចំនួន ដែលចូលរួមក្នុងបាតុកម្មថ្មីនោះ បានស្លាប់បាត់បង់ជីវិត នៅពេលដែលកងកម្លាំងប្រយុទ្ធ របស់ពួកតាលីបង់ បានបើកការបាញ់រះទៅលើទៅគេ នៅក្នុងទីក្រុង Asadabad ដែលស្ថិតនៅក្នុងប្រទេស អាហ្វហ្គានីស្ថានភាគខាងកើត មានចម្ងាយប្រហែល ១១០ម៉ាយ ខាងកើតទីក្រុងកាប៊ុល។

ក្រុមបាតុករ បានលើកបក់ទង់ជាតិអាហ្វហ្គានីស្ថាន ទន្ទឹងនឹងការសម្តែងការអបអរសាទរ ចំពោះភាពឯករាជ្យពី អង់គ្លេសរបស់ប្រទេសខ្លួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩១៩។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកតវ៉ាជាច្រើននាក់ ក៏ត្រូវបានសម្លាប់ផងដែរ កាលពីថ្ងៃពុធ ក្រោយមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងពួកតាលីបង់ នៅក្នុងទីក្រុង Jalalabad ដែលជាទីក្រុងដ៏ធំបំផុតទី៥ របស់អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top