បរទេស៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Marco Mendicino បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសកាណាដា នឹងពិចារណាទទួលយកជនភៀសខ្លួន អាហ្វហ្គានីស្ថានបន្ថែម ជំនួសឲ្យសហរដ្ឋអាមេរិក ឬក៏សម្ពន្ធមិត្តដទៃទៀត ប្រសិនបើត្រូវបានគេស្នើឲ្យធ្វើដូច្នោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mendicino បានមានប្រសាសន៍នៅក្នុង បទសម្ភាសន៍មួយយ៉ាងដូច្នេះថា “យើងគួរតែរក្សាបើកទ្វារ ចំពោះគ្រប់លទ្ធភាពទំាងអស់” ។
លោករដ្ឋមន្ត្រីកាណាដារូបនេះ បានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើមានជនជាតិអាហ្វហ្គានីស្ថាន ដែលជួយដៃគូសម្ពន្ធមិត្ត នៅក្នុងអំឡុងពេលបំពេញបេសកកម្ម និងត្រូវជាមួយលក្ខខណ្ឌ សម្រាប់កម្មវិធីតំាងលំនៅថ្មីតាម បែបមនុស្សធម៌របស់យើងនោះ ខ្ញុំគិតថា យើងគួរតែត្រៀមធ្វើការពិចារណា ចំពោះការរៀបចំបែបនេះ”។
គួរបញ្ជាក់ថា ប្រទេសកាណាដា គឺជាផ្នែកនៃប្រទេសសម្ពន្ធមិត្ត ដែលកំពុងតែព្យាយាម ជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានគាំទ្រដល់បេសកកម្ម លោកខាងលិចក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាច្រើនឆ្នាំ ស្របពេលដែលពួកតាលីបង់ កាន់កាប់ប្រទេស ៕
ប្រែសម្រួល៖ ប៉ាង កុង