Covid-19

ក្រសួងប្រៃសណីយ៍ ចែកចាយឧបករណ៍តេស្តរហ័ស អង់ទីហ្សែន កូវីដ-១៩ ពីរប្រភេទ

ភ្នំពេញ ៖ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទ។

ឧបករណ៍តេស្តរហ័សពីរប្រភេទ រួមមាន ៖ ទី១-ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ) និងទី២-ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបញ្ជាទិញឧបករណ៍តេស្តចាប់ពី ១ប្រអប់ឡើងទៅ ដោយចូលទៅកាន់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញមកទិញដោយផ្ទាល់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ៕

To Top