បរទេស៖ សេវាកម្មអាកាសធាតុជាតិអាមេរិក (NWS) បានណែនាំថា បុគ្គលនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ត្រូវរើទៅកន្លែងខ្ពស់ភ្លាមៗ ហើយជៀសវាងការដើរ ឬបើកបរឆ្លងកាត់ទឹកជំនន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សាខាសេវាកម្មអាកាសធាតុជាតិអាមេរិក របស់ក្រុង ញូយ៉ក បានចេញការប្រកាស “ គ្រាអាសន្នទឹកជំនន់ភ្លាមៗ” សម្រាប់តំបន់ទីប្រជុំជន ញូវយ៉ក កាលពីថ្ងៃពុធ ដោយជូនដំណឹងដល់ប្រជាជនថា សំណល់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងពីព្យុះ Ida អាចនៅតែបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
យោងតាម សាខាសេវាកម្មអាកាសធាតុជាតិអាមេរិក របស់ក្រុង ញូយ៉ក បានសង្កេតឃើញអត្រាទឹកភ្លៀងចន្លោះពី ៣ ទៅ ៥ អ៊ីញ ក្នុងមួយម៉ោង។ ការព្រមាននេះត្រូវបានកំណត់ឱ្យនៅដដែលរហូតដល់ម៉ោង ១១ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក។
អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានប្រកាសស្ថានភាព គ្រាអាសន្ន សម្រាប់យុត្តាធិការរបស់ខ្លួន កាលពីយប់រំលងអាធ្រាត្រ ដោយកត់សម្គាល់ថា តំបន់ទីប្រជុំជន កំពុងស៊ូទ្រាំ នឹងព្រឹត្តិការណ៍អាកាសធាតុ ជាប្រវត្តិសាស្ត្រនៅយប់នេះ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ទូទាំងទីក្រុង ទឹកជំនន់ដ៏ខ្លាំង និងស្ថានភាពគ្រោះថ្នាក់នៅលើផ្លូវ៕
ប្រែសម្រួលៈ ណៃ តុលា