កុងហ្គោ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីម្នាក់ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ បានលើកឡើងថា ការលេចធ្លាយសារធាតុពុល ចេញពីអណ្តូងរ៉ែពេជ្រ ដ៏ធំមួយនៅក្នុងប្រទេសអង់ហ្គោឡា បានសម្លាប់មនុស្ស តិចបំផុត១២នាក់ និងធ្វើឱ្យមនុស្ស៤.៥០០នាក់ធ្លាក់ខ្លួនឈឺ នៅប្រទេសជិតខាងកុងហ្គោ ។
លោកស្រី Eve Bazaiba រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការលេចធ្លាយនេះបានធ្វើឱ្យ ដៃទន្លេ នៃទន្លេកុងហ្គោ ឡើងក្រហម ហើយបានសម្លាប់ត្រី យ៉ាងច្រើនដែលមនុស្សខ្លះ បានបរិភោគ ។
លោកស្រីបានថ្លែងថា សាធារណរដ្ឋកុងហ្គោ នឹងស្វែងរកការខូចខាត ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប៉ុន្មានទេ ។
រហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបជាសាធារណៈពីម្ចាស់អណ្តូងរ៉ែ Catoca នៅឡើយទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អណ្តូងរ៉ែនេះផលិតពេជ្រប្រហែល៧៥ភាគរយ នៃប្រទេសអង់ហ្គោឡា ។
បន្ទាប់ពីអាងស្តុកទឹកមួយដែលផ្ទុកនូវផលិតផលពុលពីអណ្តូងរ៉ែបានលេចធ្លាយកាលពីចុងខែកក្កដា ទន្លេ Tshikapa ឆ្លងកាត់ព្រំដែនក្នុងប្រទេសកុងហ្គោ បានប្រែទៅជាក្រហមសម្លាប់ត្រី និងសត្វដទៃទៀត។
លោកស្រី Bazaiba បានថ្លែងថា មានត្រីងាប់រាប់តោនអណ្តែតលើទន្លេ … ហើយបន្ទាប់មកការឆ្លុះបញ្ចាំងលើកដំបូងគឺយកត្រីនេះ ។
មន្រ្តីនៅក្នុងខេត្ត Kasai បានហាមឃាត់ប្រជាជនមិនឱ្យផឹកទឹក និងបរិភោគត្រីពីទន្លេ ប៉ុន្តែមនុស្សប្រហែលមួយលាននាក់បានរងផលប៉ះពាល់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា