ព័ត៌មានជាតិ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សម្រាប់កសាងបញ្ជីបោះឆ្នោតផ្លូវការ ឃុំ-សង្កាត់ ឆ្នាំ២០២២

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ កាលពេលថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា «អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប ត្រូវផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ៩០ថ្ងៃយ៉ាងតិច មុនថ្ងៃបោះឆ្នោត។ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២»។

លោកបានបន្ដថា ដើម្បីត្រៀមរៀបចំ និងអនុវត្តការងារតាមដំណាក់កាលបានជោគជ័យ គ.ជ.ប បានរៀបចំផែនការមេ និងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសនោះដែរ ប្រធាន គ.ជ.ប ក៏បានណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត មន្រ្តី បុគ្គលិក និងក្រុមចុះឈ្មោះបោះឆ្នោតទាំងអស់ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការសុខាភិបាល ដែលបានកំណត់ដោយរាជរដ្ឋាភិបាល៕

To Top